អភិបាលរាជធានីភ្នំពេញ៖ ទិសដៅបន្ត អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងសមត្ថកិច្ច ត្រូវកំណត់ទីតាំងដែលសង្ស័យមានបទល្មើស ONLINE SCAMS ហើយត្រូវបង្ក្រាបឲ្យអស់តាមមូលដ្ឋាន

(ភ្នំពេញ)៖ ដើម្បីលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបោសសម្អាតមេ SCAME ឱ្យ អស់ពីក្នុងមូលដ្ឋាន។

នេះជាការណែនាំរបស់លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ឃួង ស្រេង បានថ្លែងថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេ SCAMER ឲ្យអស់។ បើមិនអស់ទេ វានឹងកើតកូន កើតចៅបន្តមកទៀត។
អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយការត្រៀមកម្លាំងសហការតាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះជាយុទ្ធនាការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅភ្នំពេញ ឲ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។

អភិបាលរាជធានី បានបញ្ជាក់ច្បាស់ថា ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារលុបបំបាត់ឲ្យអស់ក្លាយជាតំបន់ពណ៌ស។ ប៉ុន្តែមិនមែន មានន័យថា «យើងបោះចោលការងារផ្សេង មកធ្វើតែរឿងនេះ មួយនោះទេ ដូចនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ត្រូវពង្រឹងដែរ មិនត្រូវធ្វេសប្រហែសដាច់ខាត។ ក្នុងនាមអាជ្ញាធរ ត្រូវអនុវត្តការងារទាំងពីរខាងលើនេះឲ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ»។

លោក ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅបន្ត អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យឲ្យដូចភ្លៀងរលឹម ដោយការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕

ព័ត៌មានទាក់ទង