(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការបញ្ជូនកងទ័ពប្រហែល ២០០នាក់ ទៅកាន់ប្រទេសនីហ្សេរីយ៉ា ដើម្បីបណ្តុះបណ្តាលដល់យោធាអាហ្រ្វិក វាយប្រយុទ្ធជាមួយក្រុម ISIS បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យមានការវាយប្រហារប្រឆាំង នឹងអ្វីដែលលោកហៅថាគោលដៅពួក ISIS។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦។
យោធាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន អះអាងថាបានបញ្ជូនទ័ពមួយក្រុមតូចទៅនីហ្សេរីយ៉ា តែមិនបញ្ជាក់ចំនួន ដែលជាការទទួលស្គាល់លើកដំបូង អំពីវត្តមានកងកម្លាំងអាមេរិក ចាប់តាំងពីបានវាយប្រហារតាមផ្លូវអាកាសលើប្រទេសនេះ អំឡុងថ្ងៃបុណ្យណូអែល។ តាមមន្ត្រីអាមេរិកមួយរូបនេះ កងទ័ពទាំង ២០០នាក់នឹងបន្ថែមលើបុគ្គលិកយោធាអាមេរិកមួយចំនួន ដែលស្ថិតក្នុងប្រទេសនីហ្សេរីយ៉ារួចហើយ ដើម្បីជួយដល់កងកម្លាំងក្នុងតំបន់។ ទីបញ្ជាការយោធាអាមេរិកនៅអាហ្វ្រិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា នីហ្សេរីយ៉ា ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ពីទីក្រុងវ៉ាស៉ីនតោន ឱ្យធ្វើសកម្មភាព បន្ទាប់ពីលោក ត្រាំ ចោទប្រកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ថាបានបរាជ័យក្នុងការការពារអ្នកកាន់សាសនាគ្រិស្ត ពីពួកសកម្មប្រយុទ្ធ ISIS ដែលកំពុងធ្វើប្រតិបត្តិការនៅភាគពាយ័ព្យ។ សហរដ្ឋអាមេរិក បានហោះហើរឈ្លបយកការណ៍ ពីប្រទេសហ្គាណា ចាប់តាំងពីចុងខែវិច្ឆិកាមក។ ថ្មីៗនេះ លោក ត្រាំ បាននិយាយថា អាចមានសកម្មភាពយោធាអាមេរិកថែមទៀត នៅក្នុងប្រទេសនីហ្សេរីយ៉ា៕


