អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅកូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ៧ឆ្នាំ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក
(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានផ្តន្ទាទោសអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Lee Sang-min ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ សម្រាប់តួនាទីជាប់ពាក់ព័ន្ធ ក្នុងការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដោយអតីតប្រធានាធិបតី លោក Yoon Suk Yeol កាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តុលាការនៅទីក្រុងសេអ៊ូល បានរកឃើញថា លោក Lee អាយុ៦១ឆ្នាំ មានពិរុទ្ធពីបទចូលរួមក្នុងអំពើបះបោរ តាមរយៈការនាំបញ្ជាបន្តឱ្យស្ថាប័នប៉ូលិសនិងទីភ្នាក់ងារពន្លត់អគ្គិភ័យ កាត់ផ្តាច់ថាមពលនិងទឹកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ មិនតែប៉ុណ្ណោះ រូបលោកថែមទាំងបានបំពានសម្បថ តាមរយៈការបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពទាំងនេះទេ កាលពីអំឡុងពេលដំណើការនីតិវិធីដកតំណែងលោក Yoon។
កាលពីខែមករា ក្រុមរដ្ឋអាជ្ញាបានស្នើឱ្យមានការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ ចំពោះលោក Lee ដោយចោទប្រកាន់ថា អតីតរដ្ឋមន្រ្តីមហាផ្ទៃរូបនេះ បានដើរតួនាទីដ៏សំខាន់មួយ នៅក្នុងការបះបោររបស់លោក Yoon។ Lee បានជាប់ឃុំឃាំង ចាប់តាំងពីខែសីហា ឆ្នាំ២០២៥មក ក្រោយពេលតុលាការចេញដីការបង្គាប់ឱ្យចាប់ខ្លួនរូបលោក។
គួរបញ្ជាក់ថា លោក Lee Sang-min គឺជាសមាជិកទី២ហើយ នៃគណៈរដ្ឋមន្រ្តីរបស់លោក Yoon Suk Yeol ដែលត្រូវបានតុលាការផ្តន្ទាទោស សម្រាប់តួនាទីពាក់ព័ន្ធ នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹក បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោក Han Duk-soo ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល២៣ឆ្នាំ កាលពីខែមករា៕


