កម្ពុជា-អាល្លឺម៉ង់ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ប្រទេសបារាំង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជា ចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពី ការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលបានរួមចំណែកធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។

ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ ការពង្រឹងសមត្ថភាពរបស់អង្គការវិជ្ជាជីវៈខាងនិយោជក និងកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

ព័ត៌មានទាក់ទង