(ប៉ៃលិន)៖ រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ដោយមានការចូលរួមសហការពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការណ៍ធ្វើការឆែកឆេរ បង្ក្រាបបទល្មើស និងបានបិទទីតាំងដែលសង្ស័យមាន Scam online ចំនួន០៣ ទីតាំង នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ។
គួរកត់សម្គាល់ថា ក្រោមគោលនយោបាយ និង ឆន្ទៈ ដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងអនុវត្តច្បាប់ លើករណី ឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួន ឧក្រិដ្ឋជន និង អ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ផ្ដន្ទាទោស និង អនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេស កំណើតជាបន្តបន្ទាប់ ជាពិសេស បានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញ មេខ្លោង ទៅកាន់ប្រទេសក្នុង និងក្រៅតំបន់ ជាច្រើនករណី។


