(កៀវ)៖ អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ជាមួយការប្តេជ្ញា ថានឹងបង្កើនវិធានការលេីទីក្រុង Minsk សម្រាប់ការជួយដល់សង្គ្រាមរបស់រុស្ស៉ី។ នេះ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦។
បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់រុស្ស៉ី បានបម្រើការជាមូលដ្ឋានសម្រាប់ឱ្យមូស្គូបើកការឈ្លានពានរបស់ខ្លួននៅឆ្នាំ ២០២២ ដោយអនុញ្ញាតឱ្យកងកម្លាំងរុស្ស៉ីចូលទៅជិតរដ្ឋធានីអ៊ុយក្រែន មុនពេលពួកគេត្រូវបានវាយរុញច្រានត្រឡប់ទៅវិញ។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គូសបញ្ជាក់ថា «យើងនឹងបង្កើនវិធានការ ប្រឆាំងទៅនឹងគ្រប់ទម្រង់នៃជំនួយរបស់ លោក Lukashenko ជុំវិញការសម្លាប់ជនជាតិអ៊ុយក្រែន»។ ភ្លាមៗការិយាល័យអ្នកនាំពាក្យប្រធានាធិបតីបេឡារុស មិនទាន់ឆ្លេីយតបនឹងសំណេីសុំការអត្ថាធិប្បាយទេ។
តាមលោក ហ្សេលេនស្គី បេឡារុសដែលមានព្រំប្រទល់ជាង ១ ០០០គីឡូម៉ែត្រជាមួយអ៊ុយក្រែន ក៏បានជួយដល់ការវាយប្រហារដោយយន្តហោះដ្រូនរបស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែនផងដែរ។ ទីក្រុង Minsk កាលពីពាក់កណ្តាលឆ្នាំ ២០២៥ បានអនុញ្ញាតឱ្យរុស្ស៉ីដាក់ពង្រាយប្រព័ន្ធនៃស្ថានីយ៍បញ្ជូនបន្តក្នុងប្រទេសបេឡារុស ដើម្បីគ្រប់គ្រងការវាយប្រហារដោយដ្រូនលើអ៊ុយក្រែន។
ជាមួយគ្នានេះ អាជីវកម្មបេឡារុស្សជាង ៣ ០០០ កំពុងផ្តល់ការផ្គត់ផ្គង់សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វេីសង្រ្គាមរបស់រុស្ស៉ី រួមទាំងសមាសធាតុមីស៉ីល និងផែនការអនុញ្ញាតឱ្យរុស្ស៉ីដាក់ពង្រាយមីស៉ីលផ្លោងរយៈចម្ងាយមធ្យម Oreshnik នៅលេីទឹកដីបេឡារុសផងដែរ៕




