អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះពិនិត្យទីតាំងជាង២៧០០កន្លែង រកឃេីញ Online Scames ៤០កន្លែង ឃាត់មនុស្ស២៨៤នាក់ បញ្ជូនមេខ្លោង២៤នាក់ទៅតុលាការ
(ភ្នំពេញ)៖ ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចម្រុះដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានី គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន២,៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២១,១០៤នាក់ ស្រី៦,៦៨៣នាក់ និងបានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន២៨៤នាក់ (ស្រី៣១នាក់) លើ១៣សញ្ជាតិ រួមមាន៖
១៖ វៀតណាម ចំនួន៧នាក់
២៖ ចិន+ចិនតៃវ៉ាន់ ចំនួន១២៨នាក់ (ស្រី១១នាក់)
៣៖ មីយ៉ានម៉ា ចំនួន៥នាក់ (ស្រី៣នាក់)
៤៖ កូរ៉េខាងត្បូង ចំនួន១០នាក់
៥៖ ម៉ាឡេស៊ី ចំនួន៦៦នាក់ (ស្រី៧នាក់)
៦៖ នេប៉ាល់ ចំនួន១នាក់
៧៖ បង់ក្លាដេស ចំនួន៣នាក់
៨៖ ឥណ្ឌា ចំនួន១នាក់
៩៖ ស្រីលង្កា ចំនួន២៣នាក់ (ស្រី៤នាក់)
១០៖ ហ្វីលីពីន ចំនួន៨នាក់ (ស្រី៥នាក់)
១១៖ ឥណ្ឌូនេស៊ី ចំនួន១នាក់
១២៖ សិង្ហបុរី ចំនួន២៩នាក់ប្រុស
១៣៖ ប៉ាគីស្ថាន ចំនួន២នាក់។
ក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញធ្វើការកំណត់មុខសញ្ញាជនបរទេសជាមេខ្លោង២៤នាក់ រួមមាន ខ្មែរ១នាក់ និងជនបរទេស២៣នាក់ លើ២សញ្ជាតិ រួមមាន៖ ជនជាតិចិន២២នាក់ និងសិង្ហបុរី១នាក់ បញ្ចូនទៅតុលាការ៕


