(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ចិនបានទទូចឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធគយឯតោភាគីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ បន្ទាប់ពីតុលាការកំពូលអាមេរិក បានច្រានចោលចំណាត់ការពន្ធពាណិជ្ជកម្មកន្លងមករបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការកំពូលបានសម្រេចក្នុងសំឡេង៦ទល់នឹង៣ថា លោក ត្រាំ ពុំមានសិទ្ធិអំណាចដើម្បីដំឡើងពន្ធ នៅក្រោមច្បាប់ឆ្នាំ១៩៩៧ ដែលរូបលោកបានប្រើប្រាស់ជាមូលដ្ឋាន ដើម្បីដំឡើងពន្ធលើប្រទេសនានា នៅជុំវិញពិភពលោកនោះទេ។ លោក ត្រាំ បានបញ្ចេញប្រតិកម្មខឹងសម្បារជាខ្លាំង ដោយជាដំបូងបានប្រកាសពន្ធគយសកលថ្មី១០ភាគរយលើ ទំនិញនាំចូលទាំងអស់ ក្រោមមធ្យោបាយផ្លូវច្បាប់មួយផ្សេងទៀត ហើយកាលពីថ្ងៃសៅរ៍ លោកបានដំឡើងវាដល់១៥ភាគរយ។
នាថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួនកំពុងធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយ លើផលប៉ះពាល់នៃសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៉ីនតោនលុបចោលពន្ធគយរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ចិនទទូចឱ្យអាមេរិកលុបចោល ចំណាត់ការពន្ធឯកតោភាគីរបស់ខ្លួន ដែលបានដាក់លើបណ្តាដៃគូពាណិជ្ជកម្ម ដ្បិតពុំមានអ្នកឈ្នះឡើយក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយគោលការណ៍គាំពារនិយម មិនអាចនាំទៅរកលទ្ធផលល្អប្រសើរអ្វីនោះទេ។
គួរបញ្ជាក់ថា ពន្ធគយសកលថ្មី១៥ភាគរយ នឹងត្រូវចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានរំពឹងថា នឹងមានរយៈពេល១៥០ថ្ងៃ ដោយមានការលើកលែងលើផលិតផលមួយចំនួន។ ប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា កិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅខែមេសា រវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង គឺមិនមែនដើម្បីតតាំងគ្នាអំពីរឿងពាណិជ្ជកម្មឡើយ ហើយលោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន សហភាពអឺរ៉ុប និងបណ្តាដៃគូដទៃទៀត នឹងនៅរក្សាដដែល ទោះមានសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិកក៏ដោយ៕

