និស្សិតអ៉ីរ៉ង់កំពុងផ្គើននឹងអាជ្ញាធរដោយបន្តការតវ៉ា ឈានចូលថ្ងៃទី៣ ចំពេលមានសម្ពាធពីសហរដ្ឋអាមេរិក

(តេហេរ៉ង់)៖ គិតត្រឹមថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ និស្សិតអ៉ីរ៉ង់កំពុងផ្គើននឹងអាជ្ញាធរដោយបន្តការតវ៉ា ឈានចូលថ្ងៃទី៣ បើទោះបីជាបាតុកម្មកន្លងមក កងកម្លាំងសន្តិសុខបានបង្ក្រាបដោយការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើននាក់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់រាយការណ៍ថា ក្រុមនិស្សិតនាំគ្នាស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល នៅសាកលវិទ្យាល័យ Tehran ដុតទង់ជាតិនៅសាកលវិទ្យាល័យបង្រៀនសិស្សស្រី al-Zahra និងមានការប៉ះទង្គិចគ្នានៅសាកលវិទ្យាល័យ Amir Kabir ដែលមានទីតាំងក្នុងរដ្ឋធានីតេហេរ៉ង់។ Reuters អាចបញ្ជាក់បាននូវវីដេអូ ដែលនិស្សិតសាកលវិទ្យាល័យ al-Zahra ស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល រួមទាំងការស្រែកថា «យើងនឹងទាមទារយកអ៉ីរ៉ង់មកវិញ» គ្រាន់តែមិនច្បាស់ថាវាត្រូវបានថតនៅពេលណា។

នៅក្នុងសញ្ញាថ្មីនៃភាពតានតឹងកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកចាប់ផ្តើមដកបុគ្គលិក និងសមាជិកគ្រួសារដែលគ្មានភារកិច្ចសំខាន់ ចេញពីស្ថានទូតប្រចាំទីក្រុង Beirut ប្រទេសលីបង់។ កងកម្លាំងអាមេរិក ក៏កំពុងមានវត្តមានយ៉ាងសម្បើមផងដែរនៅមជ្ឈិមបូព៌ា ដែលជាការដាក់សម្ពាធបន្ថែមលើអ៉ីរ៉ង់ ខណៈកំពុងថ្លឹងថ្លែងនូវការឆ្លើយតប ចំពោះការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងកិច្ចចរចានុយក្លេអ៊ែរ៕

ព័ត៌មានទាក់ទង