កូនប្រុសតិរិច្ឆានជាប់គុក ៣លើកមិនរាងចាល ទាញកាំបិតដេញកាប់ និងគប់ថ្មលើឪពុកបង្កើតទៀត

កណ្តាលៈ ជនសង្ស័យជាកូនប្រុសបង្កើតម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ៣លើក និងមានសារធាតុញៀនក្នុងខ្លួនផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពគំរាមកំហែងអាយុជីវិត ទាញកាំបិតដេញកាប់ និងគប់ថ្មទៅលើឪពុកបង្កើតរបស់ខ្លួនឯងបណ្តាលឲ្យរងរបួសហូរឈាម។

ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីថ្ងៃទី២១ កុម្ភៈ ២០២៦ វេលាម៉ោង ២០ និង០០នាទីយប់ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតមានឈ្មោះ សរ សាយ (ប្រុស, ៥៩ឆ្នាំ) មុខរបរកសិករ។ ចំណែកឯជនសង្ស័យជាកូនបង្កើតមានឈ្មោះ សេង សាល (ប្រុស, ៣១ឆ្នាំ) មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ៣លើក (លើកទី១ ជាប់ ៨ខែ ពីបទហិង្សាដោយចេតនា, លើកទី២ ជាប់ ៦ខែ ពីបទប្រើប្រាស់គ្រឿងញៀន និងលើកទី៣ ជាប់ ១ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនា) ដោយអ្នកទាំងពីររស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននៅកន្លែងកើតហេតុរួមមានកាំបិតផ្លែដែកដងដែកប្រវែង ៤៥សង់ទីម៉ែត្រ ចំនួន ១ដើម។

ប្រភពដដែលបានបន្តរៀបរាប់ពីដំណើររឿងថា កាលពីវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅធ្វើការជាកម្មករសំណង់នៅខេត្តកំពង់ស្ពឺ ហើយបានផឹកស្រាបៀរជាមួយក្រុមការងារក្រោយពេលសម្រាក។ លុះដល់ម៉ោង ១៩ និង៤០នាទីយប់ ទើបជនរងគ្រោះជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញ ហើយប្រពន្ធក៏បានដួសបាយឲ្យហូប។ ខណៈជនរងគ្រោះកំពុងហូបបាយមិនទាន់អស់មួយចានផង ស្រាប់តែនៅវេលាម៉ោង ២០ និង០០នាទី ជនសង្ស័យបានស្រែកគំរាមថា «អាណាខ្លាំងកាប់ទាល់តែងាប់ ព្រោះអញមានកាំបិត»។

ឮដូច្នេះ ជនរងគ្រោះក៏ដើរចេញពីបន្ទប់ ឃើញជនសង្ស័យមានកាន់កាំបិត ទើបស្រែកដេញកូនឲ្យចេញពីផ្ទះដោយសារតែខូចពេក។

ពេលនោះ ជនសង្ស័យមិនព្រមចេញទេ ថែមទាំងគំរាមកាប់ឪពុកឲ្យស្លាប់ រួចក៏ទាញកាំបិតកាប់ទៅលើជនរងគ្រោះ តែជនរងគ្រោះគេចផុតបណ្ដាលឲ្យប្រតាយប្រតប់គ្នា ហើយត្រូវចុងកាំបិតឆូតចំចុងច្រមុះខាងស្តាំជិតក្ដោងច្រមុះបណ្តាលឲ្យហូរឈាម។ មិនបញ្ឈប់ត្រឹមនេះ ជនសង្ស័យថែមទាំងទាញដុំថ្មនៅក្បែរផ្ទះគប់ទៅលើជនរងគ្រោះ និងកូនប្រសារពេញផ្ទះថែមទៀត។ ភ្លាមៗនោះ ជនរងគ្រោះបានរត់ចូលទៅក្នុងតូបលក់ដូរ ចាក់សោទ្វារពីខាងក្នុង ហើយរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករកាឲ្យចុះមកជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

 

ព័ត៌មានទាក់ទង