អ្នកនាំពាក្យពន្ធនាគារ លោក ឃៀង សុណាឌីន ធ្វើការពន្យល់បកស្រាយ បន្ទាប់ពីវែកញែករឿងពណ៌ក្រចកដៃជនជាប់ឃុំនៅក្នុងពន្ធនាគារ។
តាមរយៈសារលើបណ្តាញសង្គមរបស់ លោក ឃៀង សុណាឌីន បានបញ្ជាក់ថា ពន្ធនាគារមិនមែនកន្លែងធ្វើទារុណកម្ម និងបំបិទសិទ្ធិគ្រប់បែបយ៉ាងទេ តែជាកន្លែងផ្តល់ការអប់រំចិត្តគំនិត បំនិនជីវិត ហើយផ្តល់ឱកាសដើម្បីកែប្រែខ្លួនក្លាយជាពលរដ្ឋល្អឡើងវិញ។
លោក ឃៀង សុណាឌីន បានឱ្យដឹងទៀតថា ជាទូទៅនៅតាមពន្ធនាគារដែលមានជនជាប់ឃុំជាស្ត្រី គ្រប់អង្គភាពតែងតែរៀបចំ និងបណ្តុះបណ្តាលជំនាញសំអាងកាយដល់ពួកគាត់ ដែលជាទូទៅមហាជនតែងហៅថា សាឡនពន្ធនាគារ។
គួរឱ្យដឹងដែរថា ការបណ្ដុះបណ្ដាលបំណិនជីវិត និងមុខរបរនៅក្នុងពន្ធនាគារនៅកម្ពុជា ផ្តោតលើការកែប្រែស្តារនីតិសម្បទាជនជាប់ឃុំ តាមរយៈការបង្រៀនជំនាញបច្ចេកទេស កសិកម្ម និងការអប់រំសីលធម៌។ កម្មវិធីទាំងនេះមានគោលបំណងផ្តល់ឱកាសឱ្យពួកគេមានមុខរបរចិញ្ចឹមជីវិត និងកាត់បន្ថយអត្រាប្រព្រឹត្តបទល្មើសឡើងវិញ នៅពេលរួចខ្លួនពីការឃុំឃាំង។ ការបណ្ដុះបណ្ដាលមានដូចជាជំនាញវិជ្ជាជីវៈ៖ រួមមានកសិកម្ម (ការចិញ្ចឹមត្រី, ជលវប្បកម្ម, ដាំដុះ), សិប្បកម្ម, និងជំនាញបច្ចេកទេសផ្សេងៗទៀត។ បំណិនជីវិត៖ ការអប់រំសីលធម៌ ដំបូន្មានផ្លូវចិត្ត និងការយល់ដឹងពីច្បាប់ដើម្បីរស់នៅជាពលរដ្ឋល្អ។
សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកែលម្អជីវភាពរស់នៅរបស់ជនជាប់ឃុំក្នុងអំឡុងពេលអនុវត្តទោសផងដែរ៕


