លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ឱ្យសមត្ថកិច្ចបានដឹង

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ឱ្យសមត្ថកិច្ចបានដឹង ខណៈចាប់ពីដើមខែមីនា ឆ្នាំ២០២៦នេះតទៅ សមត្ថកិច្ចនឹងអនុវត្តការពិន័យ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា ជនបរទេសដែលស្នាក់នៅតាមទីតាំងនានា ដោយពុំបានរាយការណ៍ទៅកាន់សមត្ថកិច្ចពីសំណាក់ម្ចាស់ទីតាំង គឺស្ថិតក្នុងចំណោមជនបរទេសដែលអាចសំងំប្រព្រឹត្តបទល្មើស ជាពិសេសនោះគឺអំពើជួញដូរមនុស្ស និងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដែលលោកថា ជាកលល្បិចដ៏ពិសពុលរបស់ជនល្មើស ក្នុងការអូសទាញមនុស្សឱ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

ការរលឹកនេះ បានធ្វើឡើងក្នុងពេលលោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៩ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងអនុក្រឹត្យលេខ០៣ របស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យនេះ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០ ០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។

បើតាមអនុក្រឹត្យដដែល ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០ រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

ឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកឡើងដូច្នេះថា «ចំពោះម្ចាស់ទីតាំង អ្នកដែលបង្កលក្ខណៈឱ្យជនបរទេសស្នាក់នៅដោយមិនប្រាប់អាជ្ញាធរ ហើយចាប់ពីដើមខែ៣នេះទៅ គឺត្រូវអនុវត្តឱ្យបានពេញលេញលើអនុក្រឹត្យ០៣នេះ។ អ៊ីចឹង អ្នកដែលមិនរាយការណ៍ ឬ ជួលឱ្យជនបរទេសស្នាក់នៅមូលដ្ឋាន បូកទាំងនៅផ្ទះសំណាក់របស់ខ្លួន ដែលខ្លួនធ្វើអាជីវកម្ម មិនរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ ឈានដល់ការផាកវិន័យ១លានរៀលក្នុងម្នាក់ បើ១០នាក់ ១០លានរៀល ហើយនិងទោសទណ្ឌដទៃទៀតទៅតាមច្បាប់ជាធរមាន»

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងកិច្ចការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមានលើទឹកដីកម្ពុជា។

ទន្ទឹមនឹងការប្ដេជ្ញាការពារប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ក៏ត្រូវមានការធានាចំពោះសុវត្ថិភាពជនបរទេសទាំងឡាយណា ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជា តាមរយៈការទទួលបាននូវកិច្ចការពារតាមច្បាប់ ដោយឥតរើសអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើសរីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការអភិវឌ្ឍន៍សង្គមជាតិរបស់កម្ពុជាឡើយ។

គួរជម្រាបឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវ រកឃើញ និងបង្ក្រាបករណីជួញដូរមនុស្ស បានសរុបចំនួន៧៩ករណី លើ២៨ករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ គឺកើនឡើងបីដង។ ក្នុងនោះឃាត់ខ្លួនសង្ស័យសរុបបានចំនួន១៣០នាក់ និងបង្ក្រាបបទល្មើសធ្វើអាជីវកម្មផ្លូវភេទបាន១០១ករណី ឃាត់ខ្លួនជនសង្ស័យ១៤៤នាក់។ នេះបើតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

 

 

ព័ត៌មានទាក់ទង