(សៅប៉ូឡូ)៖ យោងតាមតួលេខពីទីភ្នាក់ងារពន្លត់អគ្គីភ័យរដ្ឋ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រទេសប្រេស៉ីល ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៦នាក់ហើយ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
ទីភ្នាក់ងារនេះ បានឱ្យដឹងបន្ថែមថា ទឹកជំនន់ និងបំណាក់ដី បង្ខំឱ្យមនុស្សប្រហែល ៣ ៦០០នាក់នៅទីក្រុង Juiz de Fora និង Uba នៃរដ្ឋ Minas Gerais ត្រូវចាកចេញពីផ្ទះសម្បែង ខណៈដែលនៅមានមនុស្សបាត់ខ្លួនចំនួន ២១ទៀត។
អភិបាលក្រុង Juiz de Fora លោកស្រី Margarida Salomao បានជំរុញឱ្យប្រជាជនដែលរស់នៅក្នុងតំបន់មានហានិភ័យខ្ពស់ ចាកចេញ និងស្វែងរកជំនួយនៅតាមទីជម្រកដែលបង្កើតឡើងដោយរដ្ឋបាលក្រុង។ រដ្ឋាភិបាលសហព័ន្ធប្រេស៉ីល កំពុងពន្លឿនការផ្តល់ជំនួយសង្គ្រោះ និងជំនួយមនុស្សធម៌ ដោយបានបញ្ជូនភ្នាក់ងារសុខាភិបាល និងអ្នកជំនាញការពារជាតិទៅកាន់តំបន់រងគ្រោះ៕


