លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានជាជំហទៅកាន់បណ្តាឧក្រិដ្ឋជនជាជនបរទេសពាក់ព័ន្ធទាំងឡាយថា ភ្នំពេញពុំមែនជាទីសុវត្ថិភាពសម្រាប់ពួកគេនាំគ្នាមកជ្រកកោនដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) នោះឡើយ។
លោក ជួន ណារិន្ទ បញ្ជាក់ថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញពាក់ព័ន្ធតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកអនឡាញនេះ ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ មិនបណ្តែតបណ្តោយឲ្យក្រុមជនល្មើសនៅសុខស្រួលឡើយ។
លោកស្នងការសង្កត់ធ្ងន់ថា រាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងឋិតក្នុងដំបូលនៃសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ដូច្នោះក្នុងនាមកងកម្លាំងនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ស្នងការផ្តាំក្រុមជនល្មើសឲ្យហើយថា ភ្នំពេញមិនមែនជាធុងសំរាមសម្រាប់ពួកគេរត់មកជ្រកនោះឡើយ។ សារដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្នុងគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱសានវាទក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យបានស្អាត ត្រឹមដំណាច់ចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ខណៈក្រសួងមហាផ្ទៃ ក៏បានដាក់បន្ទាត់ក្រហមត្រឹមពាក់កណ្តាកខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។
គួររំលឹកថា កាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញនូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕


