ចិនអះអាងថា បណ្តាញឧក្រិដ្ឋកម្មឆបោកចំនួន២ធំៗ ដែលធ្លាប់ធ្វើប្រតិបត្តិការនៅមីយ៉ាន់ម៉ា ត្រូវបានកម្ចាត់ចោលទាំងស្រុង ក្រោយមនុស្ស១៦នាក់ត្រូវបានប្រហារជីវិត និងជាច្រើននាក់ទៀតជាប់គុកមួយជីវិត

(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ តុលាការកំពូលនៃប្រទេសចិន បាននិយាយថា ក្រុមឧក្រិដ្ឋជនធំៗពីរ ដែលធ្លាប់ដឹកនាំប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន នៅឯប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានកម្ចាត់ចោលទាំងស្រុងហើយ បន្ទាប់ពីមនុស្ស១៦នាក់ត្រូវបានប្រហារជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តុលាការកំពូលចិន (SPC) បានប្រកាសថា ការជំនុំជម្រះក្តីពាក់ព័ន្ធក្រុមឧក្រិដ្ឋជនគ្រួសារត្រកូល Ming និងត្រកូល Bai ដែលត្រូវបានចាត់ទុកជា ក្រុមឧក្រិដ្ឋជនធំៗ២ ក្នុងចំណោមក្រុមឧក្រិដ្ឋជនធំៗទាំង៤ ដែលគ្រប់គ្របបណ្តាញឧក្រិដ្ឋកម្ម នៅតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានបិទបញ្ចប់ជាស្ថាពរ។

អ្នកនាំពាក្យ SPC បាននិយាយថា ជនសង្ស័យសរុប៣៩នាក់ បានទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត ឬធ្ងន់ជាងនេះ ដោយរួមមាន១៦នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត។ អ្នកនាំពាក្យបានលើកឡើងថា ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំង២នេះ គឺត្រូវបានកម្ចាត់ចោលទាំងស្រុង ដែលជាការវាយប្រហារដ៏ធ្ងន់មួយ ចំពោះភាពក្រអឺតក្រទម របស់ពួកឧក្រិដ្ឋជនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ កាលពីថ្ងៃទី២៩ ខែមករា និងថ្ងៃទី២ ខែកុម្ភៈ អាជ្ញាធរចិនបានឱ្យដឹងថា ពួកគេបានប្រហារជីវិតសមាជិករបស់​ក្រុមត្រកូល Ming និង Bai ហើយក្នុងនោះរួមមានទាំងមេខ្លោងធំៗ។

គួរបញ្ជាក់ថា អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ SPC បាននិយាយថា គិតត្រឹមចុងឆ្នាំ២០២៥ តុលាការនៅទូទាំងប្រទេសចិន បានបញ្ចប់សំណុំរឿងជាង ២៧០០០ករណីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា ដែលទាក់ទងជាមួយតំបន់ភាគខាងជើងមីយ៉ាន់ម៉ា។ ជនសង្ស័យសរុបច្រើនជាង៤១ ០០០នាក់ ដែលពាក់ព័ន្ធករណីទាំងនេះ ត្រូវបានកាត់ទោស៕

ព័ត៌មានទាក់ទង