មីស៊ីលអ៊ីរ៉ង់ បង្ហាញឫទ្ធិគេចរ៉ុក្កែតស្ទាក់ចាប់ជាង១០គ្រាប់ បុកទម្លុះក្រុងហ្សេរុយសាឡឹម

ប្រព័ន្ធបណ្ដាញសង្គមកំពុងមានការចែកចាយដ៏ភ្ញាក់ផ្អើលមួយ នៃវីដេអូដែលបង្ហាញពីទិដ្ឋភាពមីស៊ីលរបស់អ៊ីរ៉ង់ ហោះគេចពីគ្រាប់រ៉ុក្កែតស្ទាក់ចាប់របស់អ៊ីស្រាអែលជាង១០គ្រាប់យ៉ាងមិនគួរឲ្យជឿ មុននឹងធ្លាក់ផ្ទុះចំគោលដៅក្នុងទីក្រុងហ្សេរុយសាឡឹម។

យោងតាមការចុះផ្សាយរបស់ Hindustan Times នាថ្ងៃទី២ខែមីនាឆ្នាំ២០២៦នេះ នៅក្នុងឃ្លីបវីដេអូដែលថតនាពេលរាត្រី យើងឃើញពន្លឺភ្លើងនៃប្រព័ន្ធការពារអាកាសហោះខ្វាត់ខ្វែងពេញមេឃ ដើម្បីព្យាយាមកម្ទេចមីស៊ីលតែមួយគ្រាប់ដែលកំពុងសំដៅមក។ បើទោះបីជាមានការស្ទាក់ចាប់ពីសំណាញ់់មេឃរបស់អ៊ីស្រាអែលក៏ដោយ ក៏មីស៊ីលនោះនៅតែអាចរក្សាតាមលំនាំហោះហើររបស់វា រួចក៏ធ្លាក់បុកដីបង្កជាការផ្ទុះយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានោះ អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថា មានមនុស្សជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍មីស៊ីលធ្លាក់លើផ្លូវធំមួយក្នុងក្រុងហ្សេរុយសាឡឹម កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

មតិភាគច្រើនលើបណ្ដាញសង្គមបានសន្និដ្ឋានថា គ្រាប់យុទ្ធភណ្ឌនេះអាចជាមីស៊ីលប្រភេទ Fattah ឬ Fattah-2 ដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ធ្លាប់អួតអាងថាជា «ចំណុចចាប់ផ្ដើមនៃទីបញ្ចប់» សម្រាប់ប្រព័ន្ធការពារអាកាសរបស់អ៊ីស្រាអែល។

Fattah-2 បង្ហាញខ្លួនក្នុងឆ្នាំ២០២៣ ហើយត្រូវបានគេរាយការណ៍ថាអាចហោះក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ១៥ដង និងបាញ់ដល់ចម្ងាយ ១៥០០គីឡូម៉ែត្រ។ ខុសពីមីស៊ីលបាលិស្ទីកទូទៅដែលហោះតាមគន្លងថេរ មីស៊ីលហាយពើរសូនិក (Hypersonic) នេះអាចបត់បែនគេចចុះឡើងនៅលើអាកាសបាន ធ្វើឲ្យប្រព័ន្ធការពារទំនើបៗពិបាកនឹងស្ទាក់ចាប់បានជោគជ័យ។

IRGC បានហៅប្រព័ន្ធ Fattah នេះថាជាអាវុធ «ផ្លាស់ប្តូរហ្គេមសង្គ្រាម» ក្នុងជម្លោះបច្ចុប្បន្ន ដែលអ៊ីរ៉ង់បានប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅកាតា និងអារ៉ាប់រួម បន្ទាប់ពីការស្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ ទោះបីជាពេលវេលា និងទីតាំងពិតប្រាកដនៃវីដេអូនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ១០០%ក៏ដោយ ប៉ុន្តែសំឡេងស្រែកផ្អើលឆោឡោក្នុងវីដេអូ បានសបញ្ជាក់ពីភាពតក់ស្លុតនៃសង្គ្រាមដែលកំពុងឆាបឆេះកាន់តែខ្លាំងនៅតំបន់រដ្ឋឈូងសមុទ្រ៕

ព័ត៌មានទាក់ទង