រកឃើញគ្រឿងញៀនជាង២២គីឡូ និងវត្ថុតាងពាក់ព័ន្ធល្បែងអនឡាញ នៅខណ្ឌចំការមន

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកការចុះរដ្ឋបាលពិនិត្យបង្ក្រាបទីតាំងសង្ស័យបង្កប់ Scams Online បែររកឃើញគ្រឿងញៀនចម្រុះជាង២២គីឡូក្រាម នៅអាគារសភាពាណិជ្ជកម្ម ឆុងឈីង ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ការពិនិត្យរដ្ឋបាលនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំកម្លាំងចម្រុះដោយឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ,លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ,លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង , លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកលី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ក្នុងរង្វង់ប្រតិបត្តិការជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ ពុំបានរកឃើញមនុស្ស ឬវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា (Scams Online) នោះទេ តែបែរជាបានរកឃើញមានសារធាតុញៀនចម្រុះជាង២២គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ។

បច្ចុប្បន្ន សម្ភារដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសារធាតុញៀនត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង