CENTCOM៖ ទ័ពជាង ៥ម៉ឺននាក់ កំពុងច្បាំងជាមួយអ៊ីរ៉ង់

ក្នុងព្រឹត្តិការណ៍ចល័តទ័ពដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ មជ្ឈិមបូព៌ាកំពុងក្លាយជាសមរភូមិដ៏ក្ដៅគគុក ខណៈដែលកងទ័ពជាង ៥០ ០០០នាក់ យន្តហោះចម្បាំង ២០០គ្រឿង និងនាវាផ្ទុកយន្តហោះខ្នាតយក្ស ២គ្រឿង កំពុងបើកការវាយប្រហាររួមគ្នាទៅលើប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃពុធទី៤ខែមីនាឆ្នាំ២០២៦។

មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់កណ្ដាល (CENTCOM) លោកឧត្តមសេនីយ៍ Brad Cooper បានប្រកាសកាលពីថ្ងៃអង្គារថា ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ កងកម្លាំងចម្រុះបានកម្ទេចគោលដៅសត្រូវជិត ២ ០០០កន្លែង ដោយប្រើប្រាស់គ្រាប់រំសេវទំនើបៗអស់ជាង ២ ០០០គ្រាប់។ យុទ្ធនាការដ៏ធំសម្បើមនេះ បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សប្រហែល ៨០០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ផងដែរ។

ជាការឆ្លើយតបវិញ អ៊ីរ៉ង់បានបើកការសងសឹកយ៉ាងកំហឹង ដោយបាញ់មីស៊ីលបាលិស្ទិកជាង ៥០០គ្រាប់ និងដ្រូនជាង ២ ០០០គ្រឿង សំដៅទៅលើប្រទេសអ៊ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលផ្តល់ទីតាំងឲ្យទ័ពអាមេរិក។ ការវាយប្រហារដែលចំមជ្ឈមណ្ឌលប្រតិបត្តិការយុទ្ធសាស្ត្រក្នុងប្រទេសគុយវ៉ែត បានបណ្ដាលឲ្យកងទ័ពអាមេរិក ៦នាក់បាត់បង់ជីវិត។ ទោះជាយ៉ាងណាក៏ដោយ លោក Cooper បានអះអាងថា សមត្ថភាពវាយលុករបស់អ៊ីរ៉ង់កំពុងតែធ្លាក់ចុះជាលំដាប់ ស្របពេលដែលកងកម្លាំងចម្រុះកំពុងតាមកម្ទេចប្រព័ន្ធការពាររបស់ពួកគេឥតឈប់ឈរ។

អ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺ ឥទ្ធិពលយោធារបស់អ៊ីរ៉ង់មួយផ្នែកធំត្រូវបានខ្វិនទៅហើយ ជាពិសេសគឺកម្លាំងជើងទឹក។ លោក Cooper បានថ្លែងយ៉ាងដាច់អហង្ការថា «យើងកំពុងពន្លិចកងទ័ពជើងទឹកអ៊ីរ៉ង់ គឺពន្លិចទាំងស្រុងតែម្ដង»។ គិតមកទល់ពេលនេះ នាវាចម្បាំងអ៊ីរ៉ង់ចំនួន ១៧គ្រឿងត្រូវបានបំផ្លាញខ្ទេចខ្ទីនៅក្នុងសមុទ្រ។ ទោះបីជាជ័យជម្នះហាក់កំពុងស្ថិតក្នុងដៃកងកម្លាំងចម្រុះ ប៉ុន្តែកម្ដៅសង្រ្គាមនៅទូទាំងតំបន់នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្លា និងមិនទាន់មានសញ្ញាថមថយនៅឡើយទេ៕

ព័ត៌មានទាក់ទង