ចោទប្រកាន់ថាចេះអំពើអាបធ្មប់ បុរសម្នាក់ប្រើកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីវ័យ៥៦ឆ្នាំដល់ក្នុងផ្ទះ

បុរសជនដៃដល់ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវតាមចាប់ខ្លួនបញ្ជូនអនុវត្តនិតិវិធីច្បាប់ ក្រោយពីប្រើកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីវ័យ៥៦ឆ្នាំម្នាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយចោទថា ស្ត្រីរងគ្រោះចេះអំពើអាបធ្មប់។

ករណីកាប់សម្លាប់ក្រោមហេតុផលចេះអំពើអាបធ្នប់នេះ បានកើតឡើងកាលពីវេលាម៉ោង០៨​និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនដៃដល់មានឈ្មោះ ស៊ុន សុភ័ក្រ ហៅឈីង ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ បើកបររថយន្ត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបាននៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ខែមីនា។

តាមការបញ្ជាក់ពីឈ្មោះ សឿន ខុម ភេទប្រុស អាយុ៥៤ឆ្នាំ ដែលត្រូវជាប្តីរបស់ជនរងគ្រោះបានឲដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលងូតទឹកក្នុងបន្ទប់ទឹកក្រោយផ្ទះ ឯប្រពន្ធអង្គុយលើគ្រែក្រោមផ្ទះមើលទូរស័ព្ទ។ បន្តិចក្រោយមកបានឮសំឡេងប្រពន្ធស្រែកអូយៗ ទើបគាត់បើកបន្ទប់ទឹកចេញមកឃើញជនដៃដល់កាន់កាំបិតផ្គាក់ដេញកាប់ប្រពន្ធគាត់ ដល់ផ្លូវលំមុខផ្ទះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ផ្កាប់មុខលើដីតែម្ដង។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីកាប់សម្លាប់រួចជនដៃដល់បានរត់គេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ជនដៃដល់ ខ្លួនពិតជាបានប្រើកាំបិតផ្គាក់ សម្លាប់ជបរងគ្រោះពិតមែន ដោយចោទប្រកាន់ថា ជនរងគ្រោះចេះអំពើអាបធ្មប់។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាង កាំបិតផ្គាក់១ អាវ១ ខោ១ ជាវត្ថុតាងធ្វើកម្មភាព។ ជនដៃដល់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តនិតិវិធីច្បាប់៕

ព័ត៌មានទាក់ទង