(ឡុងដ៍)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូននាវាចម្បាំង HMS Dragon ឆ្ពោះទៅកាន់តំបន់សមុទ្រមេទែររ៉ាណេភាគខាងកើត ជាងមួយសប្ដាហ៍ បន្ទាប់ពីមូលដ្ឋានទ័ពអាកាសរបស់ខ្លួនក្នុងប្រទេសស៊ីប រងការវាយប្រហារដោយដ្រូនមួយគ្រឿង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលអង់គ្លេសបានរងការរិះគន់សម្រាប់ការយឺតយ៉ាវក្នុងការបញ្ជូននាវាចម្បាំងទៅតំបន់មជ្ឈិមបូព៌ា ខណៈនាវាចម្បាំង និងយន្ដហោះចម្បាំងរបស់សម្ព័ន្ធមិត្តដទៃដូចជាបារាំង និងក្រិក បានធ្វើដំណើរទៅដល់ប៉ុន្មានថ្ងៃក្រោយអ៉ីរ៉ង់បើកការវាយប្រហារសងសឹកលើបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក។
កាលពីថ្ងៃទី១ ខែមីនា មូលដ្ឋានទ័ពអាកាសអង់គ្លេសក្នុងប្រទេសស៊ីប បានរងការវាយប្រហារដោយដ្រូនមួយគ្រឿងផលិតដោយអ៉ីរ៉ង់ ដែលត្រូវបានបាញចេញពីប្រទេសលីបង់ ឬអ៉ីរ៉ាក់។ តាមរដ្ឋាភិបាលអង់គ្លេស ការសម្រេចចិត្តដាក់ពង្រាយនាវាចម្បាំង HMS Dragon ត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុនមកម្ល៉េះ ប៉ុន្តែវាត្រូវការពេលវេលាប៉ុន្មានថ្ងៃដើម្បីត្រៀមលក្ខណៈ សម្រាប់ការដាក់ពង្រាយ។ ទីក្រុងឡុងដ៍ក៏បានការពារផងដែរការឆ្លើយតបរបស់ខ្លួន ដោយនិយាយថាខ្លួនបានត្រៀមលក្ខណៈដាក់ពង្រាយបរិក្ខារយោធាទៅកាន់ តំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារដែនអាកាស និងយន្ដហោះចម្បាំង F-35។
តាមគេហទំព័ររបស់កងទ័ពជើងទឹកអង់គ្លេស នាវាចម្បាំង HMS Dragon មានសមត្ថភាពបាញ់ទម្លាក់ដ្រូន និងមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer សម្រាប់ការរឹតត្បិតលើការគាំទ្រផ្នែកយោធារបស់ អង់គ្លេស ក្នុងការវាយប្រហារលើអ៉ីរ៉ង់ ដែលនេះធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២រកាំរកូសនឹងគ្នា។ លោក Starmer បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព អង់គ្លេសសម្រាប់ការការពារ ប៉ុន្តែបាននិយាយថាលោកនឹងមិនអនុញ្ញាតឱ្យអង់គ្លេសចូលរួមក្នុងសកម្មភាពវាយលុកនោះទេ លុះត្រាតែលោកប្រាកដថាការវាយប្រហារនោះស្របច្បាប់ និងមានគោលដៅច្បាស់លាស់៕

