អាមេរិក នឹងបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្ត ១៧២លានបារ៉ែល ខណៈតម្លៃប្រេងពិភពលោកហក់ឡើងជាថ្មី ដល់ជិត ១០០ដុល្លារក្នុងមួយបារ៉ែល

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេង ១៧២លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងបំណងជួយបន្ធូរបន្ថយតម្លៃដែលបានកើនឡើងយ៉ាងខ្លាំង ក្រោយសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២៦។

តាមលោក Wright ការបញ្ចេញនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអាចចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយ។ វាគឺជាផ្នែកមួយនៃគម្រោងបញ្ចេញប្រេង ៤០០លានបារ៉ែល តាមការអំពាវនាវពីទីភ្នាក់ងារថាមពលអន្តរជាតិ និងដែលមាន ៣២ប្រទេសបានយល់ព្រមចូលរួម។

នាថ្ងៃព្រហស្បតិ៍នេះ ប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៩៣.៨០ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៧.៥ភាគរយ។ រីឯប្រេងឆៅ Brent មានតម្លៃ ៩៩.០៣ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៧.៧ភាគរយ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ផ្តើមឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ បាននាំឱ្យអ៉ីរ៉ង់ឆ្លើយតបវិញ ដោយការវាយប្រហារផ្ទាល់ទៅលើអ៉ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក។ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិងកំពុងរារាំងការដឹកជញ្ជូនប្រេងពីឈូងសមុទ្រ ដោយនិយាយថា លុះត្រាតែសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួន៕

ព័ត៌មានទាក់ទង