(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក បានឈ្នះសង្រ្គាមនៅអ៉ីរ៉ង់ហើយ ប៉ុន្តែនឹងនៅបន្តការប្រយុទ្ធដើម្បីបង្ហើយឱ្យចប់ចុងចប់ដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកមិនដែលចង់និយាយឆាប់ពេកទេថា អ្នកទទួលបានជ័យជម្នះ។ ប៉ុន្តែយើងឈ្នះហើយ គឺវាចប់តាំងពីប៉ុន្មានម៉ោងដំបូងម្ល៉េះ»។ លោកប្រធានាធិបតីអាមេរិក បានអះអាងទៀតថា យោធាអាមេរិកបានកម្ទេចនាវាយោធាអ៉ីរ៉ង់៥៨គ្រឿង។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ដូណាល់ ត្រាំ បាននិយាយត្រឡប់ទៅត្រឡប់មកពាក់ព័ន្ធអ៉ីរ៉ង់ ដោយរូបលោកអះអាងថា យោធាអាមេរិក បានបង្កការខូចខាតយ៉ាងដំណំចំពោះសមត្ថភាពយោធាអ៉ីរ៉ង់ ប៉ុន្តែនៅតែបន្តសង្រ្គាម ដោយមិនច្បាស់ថា វានឹងបញ្ចប់ទៅវិញនៅពេលណា។
លោក ត្រាំ បានបន្តថា សហរដ្ឋអាមេរិកសឹងតែបានកម្ទេចអ៉ីរ៉ង់ទាំងស្រុងហើយ ប៉ុន្តែមិនទាន់ចង់ចាកចេញទៅវិញឆាប់ពេកនោះទេ គឺត្រូវនៅសម្រេចការងារឱ្យដាច់ស្រេច។ លោក ត្រាំ បានគូសបញ្ជាក់ថា «យើងមិនចង់ត្រឡប់មកវិញរៀងរាល់២ឆ្នាំម្តងនោះទេ»។
គួរបញ្ជាក់ថា អាមេរិកនិងអ៉ីស្រាអែល កំពុងបន្តការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកជាមួយអ៉ីរ៉ង់ ពាសពេញតំបន់មជ្ឈិមបូព៌ា ស្របពេលដែលសង្រ្គាមឈានចូលដល់ថ្ងៃទី១៣ ក្នុងជម្លោះមួយដែលបានធ្វើឱ្យរាំងស្ទះលំហូរនៃការផ្គត់ផ្គង់ប្រេងនិងឧស្ម័ន ២០ភាគរយរបស់ពិភពលោក៕


