នៅថៃឥឡូវ ដល់ថ្នាក់ Scam សូម្បីរឿងសាំង

នៅលើពិភពលោកនេះ នរណាក៏ដឹងដែរថា ថៃ ជាប្រទេសកំពូលឆបោក (Scam) បោកគ្រប់ទម្រង់ បោកទាំងជនបរទេសនិងពលរដ្ឋខ្លួន ហើយឥឡូវនេះស្របពេលតម្លៃសាំងឡើងថ្លៃ ក្រុម Scammer ក៏បានឆ្លៀតឱកាសនេះ ដើម្បីបោកប្រាស់មនុស្សថែមទៀត។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី១៦ខែមីនាឆ្នាំ២០២៦, ក្រុម Scammer បានបង្កើត Link ឬផ្ញើសារផ្សព្វផ្សាយក្លែងក្លាយតាមរយៈបណ្តាញសង្គម ដោយប្រើឈ្មោះក្រុមហ៊ុនប្រេងធំៗ សន្យាផ្តល់កាតចាក់សាំងឥតគិតថ្លៃឬបញ្ចុះតម្លៃ ដើម្បីទាក់ទាញជនរងគ្រោះ។

ពួកគេតម្រូវឲ្យចុចលើ Link រួចបំពេញព័ត៌មានផ្ទាល់ខ្លួនដូចជា លេខសម្គាល់ខ្លួន លេខទូរស័ព្ទ ឬព័ត៌មានគណនីធនាគារ។ ពេលចុច Link កម្មវិធីបង្កប់មេរោគ (Malware) នឹងដំឡើង ដែលអាចឲ្យពួកគេគ្រប់គ្រងទូរស័ព្ទ និងលួចលុយពីកាបូបអេឡិចត្រូនិក ឬធនាគារបាន។

ជុំវិញរឿងនេះ លោក Siriwat Deepor អ្នកនាំពាក្យរងនៃប៉ូលិសថៃ បានឲ្យដឹងថា Scammer ទាំងនោះ មានគោលបំណងបញ្ឆោតជនរងគ្រោះឲ្យចុចលើ Link ដែលមានមេរោគ។ មានមនុស្សជាច្រើន បានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះក្នុងការឆបោកនេះ ហើយពួកគេត្រូវបាត់លុយយ៉ាងច្រើនសន្ធឹកសន្ទាប់រួចទៅហើយ។

សូមជម្រាបថា គិតត្រឹមថ្ងៃចន្ទ តម្លៃសាំងនៅប្រទេសថៃ គឺចន្លោះ៤០ទៅ៤៩បាត ក្នុងមួយលីត្រ ខណៈម៉ាស៊ូត ចន្លោះ៣៣ទៅ៤៥បាតក្នុងមួយលីត្រ។ តម្លៃត្រូវគេរំពឹងថានឹងហក់ឡើងជាបន្តទៀត ព្រោះតែសង្គ្រាមមជ្ឈិមបូព៌ា នៅមិនទាន់ធូរស្រាល៕

ប្រភព៖ Bangkok Post

ព័ត៌មានទាក់ទង