រុស្ស៉ីថានៅតែជាមិត្តស្មោះស្ម័គ្រនិងដៃគូអាចជឿទុកចិត្តបានរបស់អ៉ីរ៉ង់ ចំពោះមុខសង្រ្គាមជាមួយអាមេរិកនិងអ៉ីស្រាអែល
(មូស្គូ)៖ នាថ្ងៃសៅរ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានផ្ញើសារទៅកាន់មេដឹកនាំអ៉ីរ៉ង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៃប្រទេសអ៉ីរ៉ង់ ហើយបាននិយាយថា ទីក្រុងមូស្គូនៅតែបន្តជាមិត្តស្មោះស្ម័គ្រ និងជាដៃគូអាចជឿទុកចិត្តបានសម្រាប់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។
វិមានក្រឹមឡាំងបានឱ្យដឹងថា លោក ពូទីន បានផ្ញើសារអបអរទៅកាន់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ ហៅថា Nowruz។ បើតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី បានជូនពរឱ្យប្រជាជនអ៉ីរ៉ង់អាចជម្នះឧបសគ្គដ៏លំបាកដោយសេចក្តីថ្លៃថ្នូរ ហើយបានសង្កត់ធ្ងន់ថា ក្នុងពេលវេលាដ៏លំបាកនេះ ទីក្រុងមូស្គូនៅតែបន្តជាមិត្តស្មោះស្ម័គ្រ និងជាដៃគូដែលអាចជឿទុកចិត្តបានរបស់ទីក្រុងតេហេរ៉ង់។
ទោះជាបែបនេះក្តី កម្រិតជាក់ស្តែងនៃការជួយគាំទ្ររបស់ទីក្រុងមូស្គូសម្រាប់ទីក្រុងតេហេរ៉ង់ ដែលកំពុងស្ថិតក្នុងសង្រ្គាមប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល គឺមានភាពមិនច្បាស់នោះទេ។ ប្រភពមួយចំនួនពីខាងអ៉ីរ៉ង់ បានអះអាងថា ប្រទេសរបស់ពួកគេ ទទួលបានការជួយជាក់ស្តែងតិចតួចប៉ុណ្ណោះពីមូស្គួ ចំពោះមុខវិបត្តិដ៏ធំបំផុតសម្រាប់ប្រទេសអ៉ីរ៉ង់ គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាម ដែលបានផ្តួលរំលំរបបស្តេច Shah អ៉ីរ៉ង់ ដែលគាំទ្រដោយអាមេរិក កាលពីឆ្នាំ១៩៧៩។
កន្លងមកនេះ រុស្ស៉ីបានរិះគន់ថា ការបំផ្ទុះសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ បានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលទៅក្នុងជ្រោះ និងបានបង្កជាវិបត្តិថាមពលដ៏ធំសម្រាប់ពិភពលោក ហើយលោក ពូទីន បានថ្កោលទោសការសម្លាប់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវជាឪពុកមេដឹកនាំកំពូលបច្ចុប្បន្នថា ជាអំពើឃាតកម្មដ៏អាត្មានិយម។
គួរបញ្ជាក់ថា រុស្ស៉ីត្រូវគេមើលឃើញ ជាអ្នកទទួលបានផលចំណេញធំពីការហក់ឡើងខ្ពស់នៃតម្លៃប្រេង ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ អ៉ីរ៉ង់និងរុស្ស៉ីគឺជាដៃគូយុទ្ធសាស្រ្តនឹងគ្នា ប៉ុន្តែភាពជាដៃគូយុទ្ធសាស្រ្តនោះ មិនរួមមានលក្ខខណ្ឌតម្រូវជួយការពារគ្នាទៅវិញទៅមកទេ៕


