អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល! អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល ក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ និងអាកាសធាតុក្តៅ
(ភ្នំពេញ)៖ អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាព ចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាមនៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា ស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី តាមសកម្មភាព ដូចខាងក្រោម៖
១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ
២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព
– បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់
– ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤អង្សាសេ
– កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន
៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។)
៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ
៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួចឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ ។
ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់អតិថិជន នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់
ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។
អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតី ចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់
ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព
នៅក្នុងស្ថានភាពចំពោះមុខនេះ ។
ក្នុងករណីមានចម្ងល់ផ្សេងៗ សូមមេត្តាចូលទៅប្រើប្រាស់ EDC App ឬទាក់ទងទៅ លេខទូរស័ព្ទនៅលើវិក្កយបត្រ ឬអញ្ជើញមកផ្ទាល់នៅតាមបណ្ដាសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំង ប្រើប្រាស់អគ្គិសនីរបស់លោកអ្នក។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានចេញសេចក្តីណែនាំផ្ទៃក្នុងមួយទៀត ដោយណែនាំដល់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករ គ្រប់នាយកដ្ឋាន-ការិយាល័យ-អង្គភាព-សាខាអគ្គិសនី និងអគ្គិសនីខេត្តទាំងអស់ ប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសន្សំសំចៃ។
ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងប្រេង ជាពិសេសក្នុងពេលមានវិបត្តិប្រេងឡើងថ្លៃ និងពិបាករកដោយសារសង្គ្រាម នៅមជ្ឈិមបូព៌ាចំពេលរដូវក្តៅ អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម ៖
– កុំបើកភ្លើង និងម៉ាស៊ីនត្រជាក់ចោលនៅក្នុងការិយាល័យ ពេលគ្មានវត្តមានអ្នកធ្វើការ ។
– កុំបើកម៉ាស៊ីនត្រជាក់ក្នុងសីតុណ្ហភាពទាប(ពោលគឺត្រូវបើកចាប់ពី ២៤ °C ឡើងទៅ) ។
– កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន ។
– ការធ្វើដំណើរចុះបេសកកម្មត្រូវប្រើរថយន្តរួមគ្នា ធ្វើយ៉ាងណាឱ្យមានការប្រើប្រាស់ប្រេងមានកម្រ ហើយមានប្រសិទ្ធភាពខ្ពស់ ។
– ការរៀបចំប្រជុំ បើមិនសូវចាំបាច់ សូមប្រជុំតាម Online ដើម្បីកាត់បន្ថយការធ្វើដំណើរបេសកកម្ម៕



