រាជរដ្ឋាភិបាល កំពុងរៀបចំគោលនយោបាយ គ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថានៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា ដើម្បីជួយឱ្យពួកគេទទួលបានគាំពារ និងលើកកម្ពស់សុខុមាលភាពផងដែរ។

សេចក្តីព្រាង «គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា» បានក្លាយជារបៀបវារៈដ៏សំខាន់មួយ ក្នុងចំណោមរបៀបវារចំនួន២ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

សម្រាប់របៀបវារៈទី១ នេះ, អង្គប្រជុំបានពិនិត្យ និងពិភាក្សា យ៉ាងយកចិត្តទុកដាក់ និងផុសផុលលើសេចក្តីព្រាង «គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា»

សេចក្តីព្រាងគោលនយោបាយនេះ មានគោលបំណង៖ (១) ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ, (២) ជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម, (៣) រៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៤) ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ តាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើចំណុចជាយុទ្ធសាស្ត្រសំខាន់ៗ និងបានផ្តល់មតិយោបល់កែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយនេះ កាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅពេលខាងមុខ។ បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់, គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេស។

សេចក្ដីព្រាង «អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយ ក្នុងប្រព័ន្ធគាំពារសង្គម» ជារបៀបវារៈទី២។ សម្រាប់របៀបវារៈទី២ នេះ, ក្រុមការងារបច្ចេកទេសនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បានគោរពរាយការណ៍ជូនអង្គប្រជុំអំពីសារបាននៃការរៀបចំ និងខ្លឹមសារនៃសេចក្តីព្រាង «អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កាលពីអំឡុងខែមករា ឆ្នាំ២០២៥ និងបន្ទាប់ពីទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងកិច្ចប្រជុំលើកទី១៤ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លើការរៀបចំយន្តការបញ្ជាក់ចំណាយថ្មី ក្នុងប្រព័ន្ធគាំពារសង្គម។

សេចក្តីព្រាង «អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីវិធាន និងគោលការណ៍នៃការបញ្ជាក់ចំណាយ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព, តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការទូទាត់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម។

សេចក្តីព្រាងអនុក្រឹត្យនេះ បានកំណត់នូវគោលការណ៍សំខាន់ៗមួយចំនួន ដែលជាក្របខណ្ឌរួមនៃការរៀបចំ ពោលគឺ៖ (១) ការកំណត់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយជាអង្គភាពតែមួយគត់ ដែលមានសមត្ថកិច្ចអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម, (២) ការប្រើប្រាស់ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ជាអភិក្រមក្នុងការបញ្ជាក់ចំណាយ, (៣) ការដាក់ចេញជាក់លាក់នូវវិធានការ និងការហាមឃាត់ចំពោះការស្នើសុំទូទាត់ចំណាយរបស់ភាគីផ្តល់សេវា ដែលមិនស្របតាមគោលការណ៍ដែលបានដាក់ចេញ, និង (៤) ការបង្កើតយន្តការដោះស្រាយវិវាទបញ្ជាក់ចំណាយ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានឯកភាពជាគោលការណ៍លើ ខ្លឹមសារជារួមនៃសេចក្តីព្រាងអនុក្រឹត្យនេះ។ អង្គប្រជុំបានឯកភាពក្នុងការកែសម្រួលចំណុចមួយចំនួន ដើម្បីឱ្យការរៀបចំសេចក្តីព្រាង «អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅពេលខាងមុខ៕

ព័ត៌មានទាក់ទង