នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ បានបង្ហាញជំហរបើកផ្លូវចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងការទូត ក្រោយការជជែកគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមសារព័ត៌មាន India Today ចុះផ្សាយថ្ងៃទី២៤ខែមីនាឆ្នាំ២០២៦ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា មានឱកាសសម្រាប់កិច្ចព្រមព្រៀងដែលអាចការពារផលប្រយោជន៍ស្នូលរបស់អ៊ីស្រាអែល ដោយផ្អែកលើសមិទ្ធផលយោធារួមគ្នារបស់អ៊ីស្រាអែល និងអាមេរិក។ ការថ្លែងបែបនេះបានធ្វើឡើងស្របពេលដែលលោកត្រាំប្រកាសផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល៥ថ្ងៃ បន្ទាប់ពីកិច្ចសន្ទនាជាមួយទីក្រុងតេហេរ៉ង់ដែលលោកពណ៌នាថា «ល្អ និងមានផ្លែផ្កា»។
ទោះជាយ៉ាងណា លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមិនបានបន្ថយល្បឿនយោធានោះទេ។ លោកបានមានប្រសាសន៍ថា «ក្នុងពេលជាមួយគ្នានេះ យើងបន្តវាយប្រហារទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់។ យើងកំពុងកម្ទេចកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរឲ្យទៅជាធូលីដី»។ លោកក៏បានឲ្យដឹងទៀតថា កងកម្លាំងអ៊ីស្រាអែលទើបតែបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ពីររូបបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបានព្រមានថា សកម្មភាពយោធានឹងបន្តធ្វើឡើងដើម្បីការពារផលប្រយោជន៍សំខាន់ៗក្នុងគ្រប់ស្ថានភាពទាំងអស់៕


