(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានអនុម័តជាឯកច្ឆ័នហើយ លើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង ១១២ លើ១១២ សំឡេង។
ការអនម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតិភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលបំណងកំណត់វិធានផ្នែកព្រហ្មទណ្ឌ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ច្បាប់នេះ នឹងមានការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរចំពោះជនល្មើស រហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបទល្មើសរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោក ជាពិសេសប្រសិនបើមានបទល្មើសផ្សេងទៀតដូចជា ចាប់ជំរិត ឬសម្លាប់មនុស្សកើតឡើង ហើយកម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ដែលមានច្បាប់ព្រហ្មទណ្ឌពិសេសបែបនេះ៕


