(ម៉ានីល)៖ ក្រុមហ៊ុន Petron Corp ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងតែមួយគត់របស់ហ្វីលីពីន ធានាការទិញប្រេងឆៅបានចំនួនជិត ២.៥លានបារ៉ែលពីប្រទេសរុស្ស៉ី ចំពោះមុខវិបត្តិសាំងឡើងថ្លៃ ដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦។
ក្រុមហ៊ុន Petron បាននិយាយថា ខ្លួនបានព្រមព្រៀងទិញប្រេងឆៅរុស្ស៉ី ក្រោយមើលឃើញការដឹកជញ្ជូនប្រេងយ៉ាងហោចចំនួន ៤លានបារ៉ែល ត្រូវបានលុបចោល គិតចាប់តាំងពីកើតមានសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ ការទិញនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក បានលើកលែងជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រេងរុស្ស៉ី ដែលត្រូវបានដាក់ពាក់ព័ន្ធសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
ការចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Petron ទទួលបន្ទុកប្រមាណ៣០ភាគរយ នៃតម្រូវការប្រេងឥន្ធនៈរបស់ប្រទេសហ្វីលីពីន។ ប្រេងឆៅ ត្រូវឆ្លងកាត់ការកែច្នៃនៅរោងចក្រចម្រាញ់ប្រេង ដើម្បីប្រែក្លាយវាឱ្យទៅជាឥន្ធនៈសម្រាប់ប្រើប្រាស់ ដូចជាម៉ាស៊ូត ជាដើម។ យោងតាមការប៉ាន់ប្រមាណកាលពីឆ្នាំ២០២៤ ការប្រើប្រាស់ប្រេងម៉ាស៊ូតប្រចាំថ្ងៃនៅហ្វីលីពីន គឺមានចំនួនជិត២០២ ០០០បារ៉ែល ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលប្រធានាធិបតី Marcos គិតត្រឹមថ្ងៃទី២៧ ខែមីនា ហ្វីលីពីនមានស្តុកប្រេងសាំងសម្រាប់ផ្គត់ផ្គង់បាន៥៣ថ្ងៃ, ម៉ាស៊ូតបាន៤៥ថ្ងៃ, ប្រេងកាតបាន៩៧ថ្ងៃ, ឧស្ម័ន LPG បាន២៣ថ្ងៃ និងប្រេងយន្តហោះបាន៣៨ថ្ងៃ។ តម្លៃប្រេងឥន្ធនៈនៅហ្វីលីពីន បានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ហើយត្រូវបានរំពឹងថា នឹងបន្តកើនថែមទៀត។ ហ្វីលីពីនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានប្រកាសភាពអាសន្នថ្នាក់ជាតិផ្នែកថាមពល ដោយសារផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា៕



