Detail Top Banner – Conway

ថៃដកតំណែងមេបញ្ជាការជើងទឹកម្នាក់ ក្រោយផ្ទុះ​ជម្លោះពាក្យសម្តីជាមួយទាហានកម្ពុជា

អង្គភាព​ទ័ព​ជើងទឹក​ថៃ បានសម្រេចដកតំណែងវរសេនីយ៍ឯក Thammanoon Wanna មេបញ្ជាការកងកម្លាំងពិសេស​​ប្រចាំ​ខេត្តត្រាត និងមន្ត្រី​១៧រូបផ្សេងទៀត ចេញពីតំណែងតាមព្រំដែន ក្រោយមានការប៉ះទង្គិចពាក្យសម្តីជាមួយទាហានកម្ពុជា។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់ Khaosod នា​ថ្ងៃទី​៣១​ខែ​មីនា​ឆ្នាំ​២០២៦។

ជម្លោះនេះបានកើតឡើងកាលពីថ្ងៃទី​២៦​មីនា នៅច្រកព្រំដែនថ្មដា ពាក់ព័ន្ធនឹងការដាក់ទង់ជាតិថៃលើទូកុងតឺន័រ ដែលបង្ក​ឲ្យ​មានការតតាំងគ្នាខ្លាំងៗ​តាម​ពាក្យ​សម្ដី និង​មាន​ការ​ចែកចាយ​​ព័ត៌មាន​នេះ​ជា​ច្រើន​តាមបណ្តាញសង្គម។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​ពី​អ្នកកាសែត​ជើង​ចាស់​ថៃ​ឈ្មោះ «Wassana Nanuam» បច្ចុប្បន្ន លោក Thammanoon ត្រូវបានបញ្ជូន​ឲ្យ​ទៅកាន់អង្គភាពដោះមីនវិញ ដែលត្រូវបានគេមើលឃើញថាជា​ការ​ផ្លាស់ប្តូរយុទ្ធសាស្ត្រតាមព្រំដែនពីការប្រើកម្លាំងបាយ មកជាការប្រើការចរចា ដោយបានតែងតាំងមន្ត្រីដែលមានជំនាញផ្នែកការទូត​​ឲ្យ​ដឹកនាំកម្លាំងនៅខេត្តចន្ទបុរី និងខេត្ត​ត្រាតជំនួស​វិញ។

វរសេនីយ៍ឯក Pratchaya Phoyoy ដែលជាអ្នកជំនាញខាងចរចាព្រំដែន ត្រូវបានតែងតាំងជាមេបញ្ជាការថ្មី ដើម្បីសម្រួលស្ថានការណ៍​​ឲ្យ​មានភាពធូរស្រាលតាមរយៈផ្លូវការទូត។ យ៉ាង​ណាមិញ សកម្មជនថៃឈ្មោះ «Gun Jompluang» បានរិះគន់ការដកតំណែងនេះ ដោយអះអាងថា មន្ត្រីជាន់ខ្ពស់ថៃហាក់ដូចជាកំពុងបន្ទោសមន្ត្រីខ្លួនឯងដែលបានការពារទឹកដី ចំពោះមុខការគំរាមកំហែងដោយអាវុធពីភាគីកម្ពុជា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កងទ័ពជើងទឹកថៃបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងត្រៀមលក្ខណៈសម្រាប់ការចរចាជាមួយរដ្ឋាភិបាលថ្មី ជាជាងការប្រើប្រាស់កម្លាំងយោធាប្រឈមមុខដាក់គ្នា៕

ព័ត៌មានទាក់ទង