Detail Top Banner – Conway

អាមេរិកគ្រោងដាក់វិធានការក្តៅ៖ បិទផ្លូវរថយន្តចិនទាំងស្រុង និងប្រៀបធៀបទៅនឹង «ជំងឺមហារីក» ដែលត្រូវកម្ចាត់

(បរទេស)៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Moreno បានប្រកាសត្រៀមដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីរឹតបន្តឹងការហាមឃាត់ក្រុមហ៊ុនរថយន្តចិន មិនឱ្យចូលមកកាន់ទីផ្សារអាមេរិក។ វិធានការនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Biden បានដាក់បម្រាមតឹងរ៉ឹងកាលពីដើមឆ្នាំ ២០២៥ ដោយសារកង្វល់ថា បច្ចេកវិទ្យារថយន្តចិនអាចលួចប្រមូលទិន្នន័យសម្ងាត់របស់ពលរដ្ឋ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

លោក Moreno បានលើកយកករណីក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ល្បីមកបញ្ជាក់ថា៖ «យើងមិនអនុញ្ញាតឱ្យ Huawei ចូលមកក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់យើងទេ ដូចគ្នាដែរ យើងនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តចិនចូលមកក្នុងទីផ្សារនេះឡើយ»។ លោកបានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះនឹងបិទខ្ទប់រាល់ភាពជាដៃគូទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ដោយលោកបានប្រៀបធៀបយ៉ាងធ្ងន់ៗថា៖ «យើងនឹងការពារជំងឺមហារីកមិនឱ្យចូលមកក្នុងទីផ្សាររបស់យើង ហើយយើងត្រូវការឱ្យប្រទេសផ្សេងទៀត ធ្វើការព្យាបាលដោយគីមី (Chemotherapy)» ក្នុងន័យជំរុញឱ្យអឺរ៉ុប កាណាដា និងម៉ិកស៊ិក អនុវត្តតាមស្តង់ដារបស់អាមេរិក។

ទោះជាយ៉ាងណា ជំហររបស់អ្នកនយោបាយកំពូលៗរបស់អាមេរិកហាក់មានភាពខុសគ្នាបន្តិចបន្តួច។ ខណៈលោក Moreno ចង់បិទខ្ទប់ទាំងស្រុង លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែឧសភាខាងមុខ បានបង្ហាញជំហរបើកចំហជាង ប្រសិនបើចិនមកវិនិយោគសាងសង់រោងចក្រផ្ទាល់។ លោក ត្រាំ បានលើកឡើងថា៖ «ប្រសិនបើពួកគេចង់ចូលមក ហើយសាងសង់រោងចក្រ ព្រមទាំងជួលអ្នក និងមិត្តភក្តិអ្នកឱ្យធ្វើការ នោះវាជារឿងដ៏អស្ចារ្យ ខ្ញុំចូលចិត្តបែបនោះ»

គួរជម្រាបថា បច្ចុប្បន្ន ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនៅតែបន្តភាពតានតឹង ជាពិសេសលើបញ្ហាពន្ធគយ និងការនាំចេញធនធានរ៉ែកម្រ ខណៈដែលឧស្សាហកម្មរថយន្តអាមេរិក កំពុងព្យាយាមការពារផលប្រយោជន៍ក្នុងស្រុករបស់ខ្លួនយ៉ាងស្វិតស្វាញបំផុត៕

ព័ត៌មានទាក់ទង