Detail Top Banner – Conway

វត្តមានជាថ្មីរបស់លោកស្រី Angelina Jolie ជាសក្ខីភាពនៃក្តីស្រឡាញ់ប្រជាជននិ ង​ប្រ​ទេស​កម្ពុជា

លោកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានបង្ហាញវត្តមានជាថ្មី នៅទឹកដីកម្ពុជា នៅដើមខែមេសា ឆ្នាំ​២០​២៦នេះ។ ការមកកម្ពុជាជាថ្មីនេះ គឺជាសក្ខីភាពដ៏ច្បាស់ ​ដែល​ថា ប្រជាជន និងប្រទេសកម្ពុជា បន្តស្ថិតក្នុងបេះដូងរបស់តារាហូលីវូដរូបនេះជាប់ជានិច្ច។ នៅក្នុងបទសម្ភាសជាច្រើនកន្លងមក លោកស្រី Angelina Jolie ជានិច្ចកាលតែងលើកឡើងថា លោកស្រីមាន សេចក្តីស្រឡាញ់ និងមនោសញ្ចេតនាជ្រាលជ្រៅ ជាមួយប្រជាជន និងប្រទេសកម្ពុជា។ ​លោកស្រី Angelina Jolie ទទួលបានសញ្ជាតិខ្មែរ នៅក្នុងឆ្នាំ២០០៥ ពោលគឺ៣ឆ្នាំ បន្ទាប់ពី​លោកស្រី សម្រេចទទួលយកកូនខ្មែរ ឈ្មោះ​ Maddox ទៅចិញ្ចឹម។

ក្នុងពេលបង្ហាញវត្តមានម្តងទៀតនៅ​​​កម្ពុជានៅដើមខែមេសានេះ លោកស្រិ Angelina Jolie បានធ្វើដំណើរទស្សនកិច្ចនៅ​វិទ្យាល័យ​​សំ​ឡូត, ចុះពិនិត្យនៅអគារមហោស្រពចំណាស់ចំនួន២ នៅក្រុងបាត់ដំបង និង​ជួប​ពិភាក្សា​ការងារជាមួយរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅទឹកដីអង្គរ។

បើតាមក្រសួងអប់រំ លោកស្រី Angelina Jolie បានធ្វើទស្សនកិច្ចនៅវិទ្យាល័យសំឡូត នា​ថ្ងៃ​ទី១ ខែមេសា ​ដើម្បីស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់​នៅ​អន្តេវា​សិកដ្ឋាន។

បន្ទាប់មក នៅថ្ងៃទី២ ខែមេសា លោកស្រី Angelina Jolie បាន​ចុះពិនិត្យស្ថានភាពនៅ​អគារ​​មហោស្រព​ប្រាសាទមាស និងរោងភាពយន្តបាត់ដំបង។ ​រដ្ឋបាលខេត្ត​បាត់​ដំបង ​បញ្ជាក់ថា វត្តមានរបស់លោកស្រី Angelina Jolie នៅទីតាំង​​ទាំ​ងពីរ គឺបន្ទាប់ពីលោកស្រី ទទួល​បានសំណើរបស់សមាគមហ្វារពន្លឺសិល្បៈ ដែលស្នើឱ្យលោកស្រីជួយ​ជួសជុល កែលម្អរោងកុនចាស់ទាំងពីរនេះ។

ដោយឡែក នៅថ្ងៃទី៣ ខែមេសា ក្រសួងទេសចរណ៍បានចុះផ្សាយពីជំនួបពិភាក្សារវាង លោករដ្ឋមន្ត្រី ហួត ហាក់ និងលោកស្រី Angelina Jolie ​ក្នុងនាមជាប្រធានមូលនិធិ MJP។ ​ក្រសួងទេសចរណ៍ បានអះអាងថា ក្នុងជំនួបនោះ គឺលោកស្រី Angelina Jolie បានប្តេជ្ញា​ ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏​កម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោកម្នាក់ៗ ជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

ក្រៅពីវិស័យទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Angelina Jolie ក៏បានពិភាក្សាគ្នាជុំវិញការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជាផងដែរ។

«ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ។ »។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

ប្រភពដដែល បញ្ជាក់ទៀតថា ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេសការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។

គួរកត់សម្គាល់ថា វត្តមានរបស់លោកស្រី Angelina Jolie នៅក្នុងប្រទេសកម្ពុជានាពេលនេះ ដ្បិតក្នុងក្របខណ្ឌបេសកកម្មមនុស្សធម៌ ប៉ុន្តែកន្លងមក ក៏មានការផ្សព្វផ្សាយព័ត៌មានដែរថា លោកស្រី មានបំណងមករស់នៅក្នុងប្រទេសកម្ពុជាតែម្តង។ ​

លោកស្រីបានធ្វើដំណើរជាបន្តបន្ទាប់មកកាន់ប្រទេសកម្ពុជា។ ជាក់ស្តែងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ លោកស្រីបាន​មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី។ លោកស្រី ក៏បានចំណាយពេលវេលាមួយរយៈធំ ស្នាក់នៅប្រទេសកម្ពុជាអំឡុងថតភាពយន្ត First They Killed My Father និងអំឡុងពេលសម្ពោធភាពយន្តនេះ កាលពីឆ្នាំ២០១៧ផងដែរ៕

ប្រភព: ថ្មីៗ

ព័ត៌មានទាក់ទង