Detail Top Banner – Conway

សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកប្រព័ន្ធបច្ចេកវិទ្យា Online scam ឃាត់ខ្លួនជនសង្ស័យ ៣២នាក់​ និងវត្ថុតាងមួយចំនួន

(ស្វាយរៀង)៖ កម្លាំង​នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) ១កន្លែង ស្ថិតនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ០៨នាក់​ (ជនជាតិចិន ០២នាក់ ប្រុស, ជនជាតិវៀតណាម ២៩នាក់ ស្រី ០៨នាក់)​ ដេីម្បី​បញ្ចូល​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់។

នគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងស្គេមអនឡាញនេះ អនុវត្តតាម​បទ​បញ្ជា​របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយ​មាន​ការ​ចង្អុល​ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត​។

នគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ សហការ​ជាមួយកម្លាំងអធិការ​ដ្ឋាន​នគរបាលក្រុងបាវិត និងកម្លាំង​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យាខេត្ត ដោយមានការសម្របសម្រួលពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ៨នាក់​ (ជនជាតិចិន២នាក់ ប្រុស, ជនជាតិវៀតណាម ២៩នាក់ ស្រី ៨នាក់)។

ដកហូត​វត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុ ១០គ្រឿង, Laptop១គ្រឿង, ទូរស័ព្ទដៃ៦១គ្រឿង, ដាវ ២ដើម, រថយន្ត ០១គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានទាក់ទង