កម្លាំងចម្រុះរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប Online Scams នៅទីតាំងខុនដូ ភ្នំពេញកាឡាក់សុីហ្គាដេន ខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង ២០០នាក់
(ភ្នំពេញ)៖ កម្លាំងចម្រុះរាជធានីភ្នំពេញ នាថ្ងៃតី៦ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះឆែកឆេរ ទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំង ខុនដូ ភ្នំពេញកាឡាក់សុីហ្គាដេន ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ២១៨នាក់។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កម្លាំងចម្រុះរាជធានីភ្នំពេញ ដឹកដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ, ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី, ការិយាល័យ អន្តរាគមន៍ពិសេស, ការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យា, នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យរដ្ឋបាលជាក់ស្តែងរកឃើញជនបរទេស និងសម្ភារៈ វត្ថុតាងដូចខាងក្រោម៖
ជនបរទេសសរុបចំនួន ២១៨នាក់ ស្រី ១០នាក់ មាន ០៦សញ្ជាតិ រួមមាន៖ ជនជាតិចិន ចំនួន ៩៣នាក់ ស្រី ០៣នាក់ (ចិនតៃវ៉ាន់ ចំនួន ០៥នាក់ប្រុស) គ្មានលិខិតឆ្លងដែន ចំនួន ៦១នាក់, ជនជាតិជប៉ុន ចំនួន ០៥នាក់ (ស្រី ០០នាក់), ជនជាតិវៀតណាម ចំនួន ១៧នាក់ (ស្រី ០១នាក់) គ្មានលិខិតឆ្លងដែន ០៨នាក់, ជនជាតិបង់ក្លាដេស ចំនួន ៩១នាក់ (ស្រី ០៤នាក់) គ្មានលិខិតឆ្លងដែន ៣៨នាក់, ជនជាតិឡាវ ចំនួន ០១នាក់ (ស្រី) គ្មានលិខិតឆ្លងដែន និងជនជាតិឥណ្ឌា ចំនួន ១១នាក់ (ស្រី ០១នាក់) គ្មានលិខិតឆ្លងដែន ០៦នាក់។
សម្ភារៈវត្ថុតាងដកហួតសរុបរួមមាន៖ កុំព្យូទ័រ All In One ចំនួន ១៣៣គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ៤៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ៣៩២គ្រឿង, អេក្រង់ (monitor) ចំនួន ១៦គ្រឿង CPU ចំនួន ១៥គ្រឿង, Tablet ចំនួន ៥គ្រឿង, មួកនគរបាលជប៉ុន ចំនួន ២មួក, អាវនគរបាលជប៉ុនចំនួន ៥អាវ និងកាតនគរបាលជប៉ុន ចំនួន ៤សន្លឹក។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន, ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគគោលដៅប្រទេសប៉ាគីស្ថាន, បង់ក្លាដេស និងវៀតណាម។
តាមរបាយការណ៍បានបញ្ជាក់ថា ដោយទទួលបានគោលការណ៍ណែនាំពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចចំពោះជនបរទេសចំនួន ២១៨នាក់ ស្រី ១០នាក់ រួមនឹងសម្ភារៈវត្ថុតាងខាងលើប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕



