ដ្បិតអាមេរិកនិងអ៊ីរ៉ង់ មានបទឈប់បាញ់ជាមួយគ្នា ប៉ុន្តែងាកទៅមើលសង្គ្រាមមួយទៀតនៅលីបង់ គឺកងទ័ពអ៊ីស្រាអែលមិនព្រមឈប់ឡើយ ខណៈបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Times of Israel, កាលពីថ្ងៃពុធកន្លងទៅ កងទ័ពរបស់លោក Benjamin Netanyahu បានបើកប្រតិបត្តិការយោធាយ៉ាងចាស់ដៃ ដោយបាញ់សម្រុកនិងទម្លាក់គ្រាប់បែកជាង១៦០គ្រាប់ ពីយន្តហោះចម្បាំងចំនួន៥០គ្រឿង វាយប្រហារ១០០គោលដៅ ក្នុងរយៈពេលត្រឹម១០នាទី។
ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ដោយកងទ័ព IDF ផងដែរ ដោយអះអាងថា ខ្លួនពិតជាទម្លាក់គ្រាប់បែកបំផ្ទុះទីតាំងក្រុមហេសបូឡាជាង១០០កន្លែងមែន ដោយកម្ទេចមជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងៗ ក្នុងរដ្ឋធានីបេរូត ជ្រលងបេកា និងតំបន់ភាគខាងត្បូងប្រទេសលីបង់។
របាយការណ៍នេះកើតឡើងស្របពេល តួលេខចុងក្រោយ ដែលបញ្ចេញដោយក្រសួងសុខាភិបាលលីបង់បានបង្ហាញថា មនុស្សសរុប៣០៣នាក់ ត្រូវសម្លាប់និង ១ ១៥០នាក់ រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រឹមមួយថ្ងៃពុធ៕
ប្រភព៖ Times of Israel


