កម្លាំងជំនាញ បន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ជនបរទេសជាង ៣០០ នាក់ នៅខណ្ឌដូនពេញ
កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសណ្ឋាគារ Wyndham Grand Phnompenh Capital ផ្លូវព្រះមុន្នីវង្ស ភូមិ ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ៣១១ នាក់។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១ នាក់ មាន ៥ សញ្ជាតិ ដូចជា ៖ ចិន ២៥៤ នាក់ (ស្រី ១៨) ក្នុងនោះ តៃវ៉ាន់ ១៨២ នាក់ (ស្រី ១៤) គ្មានលិខិតឆ្លងដែន ១៤៤ នាក់។ ម៉ាឡេស៊ី ៣០ នាក់ (ស្រី ៣នាក់) , វៀតណាម ២៣ នាក់ (ស្រី ៩ នាក់) , ឥណ្ឌា ២ នាក់ (ស្រី ១ នាក់)។ ចំណែកវត្ថុតាងដកហូតរួមមាន ៖ ទូរស័ព្ទដៃ ៦១៥ គ្រឿង Laptop ១៤០ គ្រឿង, All in One ៣១ គ្រឿង , Monitor ៦ គ្រឿង, CPU ៣ គ្រឿង។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដូចជា ៖ អូសទាញឲ្យវិនិយោគ (Investment Scams) , ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅអតិថិជនទៅប្រទេសម៉ាឡេស៊ី , ឆបោកលួងលោមទាក់ទងនឹងការល្បួងឲ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto) , ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់ , ប្រើប្រាស់គ្រឿងញៀន។



