បន្ទាយមានជ័យ :គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦ នេះ កំណាត់ចុងក្រោយនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ប្រវែង៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៥១,០៧%។
យោងក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យដឹងថា: តាមផែនការគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧ខាងមុខនេះហើយ។ ខណៈដែលដំណើរការការដ្ឋានកំពុងមមាញឹក សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) ទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុខសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ព្រមទាំងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។
ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានថ្លែងអរគុណប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕



