Detail Top Banner – Conway

មានបទ​ឈប់បាញ់ ដូចមិនមាន៖ ត្រឹម ២៤ម៉ោង អ៊ីស្រាអែល​សម្លាប់​ពលរដ្ឋ​លីបង់​៥១នាក់​ និងបុគ្គលិក​​​ពេទ្យ​ ២រូប​

ក្រសួង​សុខាភិបាល​លីបង់លើក​ឡើង​ថា​ ទោះបី​មាន​ប​ទ​ឈប់បាញ់​ ការវាយ​ប្រហាររបស់​អ៊ីស្រាអែល​ក្នុងរយៈពេល ២៤ម៉ោង ​នៅ​ភាគខាង​ត្បូង​លីបង់​ សម្លាប់មនុស្ស ៥១នាក់ រួមទាំង​បុគ្គលិកពេទ្យ​ពីរ​នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ ។

ក្រសួង និយាយថា៖ « សត្រូវអ៊ីស្រាអែល​នៅតែបន្តរំលោភច្បាប់​អន្តរ​ជាតិនិង​​បទដ្ឋានមនុស្សធម៌ ដោយ​បន្ថែមឧក្រិដ្ឋកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់ ព្រោះ​ពួក​គេ​បាន​កំណត់​គោលដៅ​ដោយផ្ទាល់​ទៅ​លើ​ចំណុចពីរ​របស់​​​មូល​ដ្ឋាន​​សុខាភិបាល​នៅតំបន់​ Qalawiya និង Tibnin ស្រុក Bint Jbeil ក្នុង​ការ​វាយឆ្មក់​ពីរលើក»។

អ៊ីស្រាអែល​វាយប្រហារ​លើលីបង់​។ រូបភាព៖ Reuters

គួរ​បញ្ជាក់​ថា អ៊ីស្រាអែល​នៅ​តែ​វាយ​ប្រហារ​មក​លើ​ប្រទេស​លីបង់​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់​សម្របសម្រួលដោយ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ ​ក៏​ដោយ និង​បាន​​​ពន្យា​រពេលបទ​ឈប់​បាញ់​​​​ដើម្បី​បើក​ផ្លូវ​​​ឲ្យ​​មានការ​ចរចាសន្តិភាព​ក៏ដោយ​​​។

ក្រសួងសុខាភិបាលលីបង់ បានបន្ថែម​ទៀត​ថា​ មនុស្សចំនួន ២ ៨៤៦នាក់​ ត្រូវ​បាន​សម្លាប់​នៅទូទាំងប្រទេស​ ចាប់តាំងពីថ្ងៃទី០២ ខែមីនា ពេល​ កង​កម្លាំងអ៊ីស្រាអែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធានាពេលថ្មីៗ​។

ចាប់​តាំងពីពេលនោះមក អង្គការសហប្រជាជាតិ (UN) លើក​ឡើង​ថា​ យ៉ាងហោចណាស់​បុគ្គលិកពេទ្យលីបង់​ចំនួន ១០៣នាក់ត្រូវ​បានសម្លាប់ និង ២៣០នាក់ ​រងរបួស​នៅ​ក្នុងការវាយប្រហារ​របស់អ៊ីស្រាអែលជាង ១៣០ដង។

លោក Ali Safiuddin ប្រធាន​ការពារជនស៊ីវិលលីបង់ ​នៅ​ទី​ក្រុង Tyre ភាគ​ខាងត្បូងប្រទេសលីបង់ ប្រាប់ Al Jazeera ថា៖ « យើងស្ថិតនៅក្រោមការ​គំរាមកំហែងរៀងរាល់វិនាទី ជារៀង​រាល់ថ្ងៃ។ យើងសួរខ្លួនឯងថា​តើយើងនឹងរស់រាន​មាន​ជីវិត ឬប្រសិន​បើយើងនឹងស្លាប់ យើងក៏​ដឹង​ថា​យើងបាន​លះ​បង់​ជីវិត​ ដោយ​​ធ្វើការ​នៅទីនេះរួចហើយ។ យើងបាត់បង់​មនុស្សជាច្រើន ហើយវាមាន​អារម្មណ៍ថាយើង​បានបាត់បង់ទៅហើយដែរ​»។

គួរ​រម្លឹក​ថា ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឱ្យ​ប្រជាជន​លីបង់ជាង ១.២លាន​នាក់​ផ្លាស់ទីលំនៅ​ ចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២៦ ។

ព័ត៌មានទាក់ទង