Detail Top Banner – Conway

រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន នឹងអត់ដកទណ្ឌកម្ម ចេញពីអ៊ីរ៉ង់ឡើយ ទោះច្រកសមុទ្រ Hormuz បើកឡើងវិញ

ក្នុងអំឡុងសវនាការនៅឯព្រឹទ្ធសភា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន នឹងអត់ដកទណ្ឌកម្ម ចេញពីអ៊ីរ៉ង់ឡើយ ទោះច្រកសមុទ្រ Hormuz បើកឡើងវិញក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ 

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោករូប៊ីយ៉ូ ដែលឆ្លើយតប ក្នុងអំឡុងពេល ការសួរដេញដោលពីសំណាក់សមាជិកសភា ស្តីអំពីជម្លោះជាមួយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ថា៖ «អ្វីគ្រប់យ៉ាងដែលត្រូវបានពិភាក្សាជាមួយពួកគេ (អ៊ីរ៉ង់) គឺថា រាល់ការបន្ធូរបន្ថយទណ្ឌកម្មណាមួយ ត្រូវផ្អែកលើលក្ខខណ្ឌជាក់ស្តែង ដែលមានន័យថា វាត្រូវតែធ្វើឡើង ជាការដោះដូរទៅនឹងមូលហេតុចម្បង ដែលនាំឲ្យមានការដាក់ទណ្ឌកម្មទាំងនោះតាំងពីដំបូង ពោលគឺកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ តែម្តង»។

នេះមានន័យថា ទោះច្រកសមុទ្រ Hormuz បើកឡើងវិញ ក៏អាមេរិក អត់ដកទណ្ឌកម្មដែរ បើចង់ឲ្យអាមេរិក ដក គឺមានលក្ខខណ្ឌតែមួយគត់ នោះគឺ អ៊ីរ៉ង់ ត្រូវបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរ ជាមុនសិន។

ការដកទណ្ឌកម្មនេះ ត្រូវបានដាក់បញ្ជូលជាលក្ខខណ្ឌមួយ ក្នុងការចរចានៃកិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិកនិងអ៊ីរ៉ង់ ប៉ុន្តែការចរចាត្រូវជាប់គាំង ដោយសារតែមានឧបសគ្គមួយចំនួន។

រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ 

អ្វីដែលកាន់តែយ៉ាប់យ៉ឺន គឺចុងក្រោយនេះ អ៊ីរ៉ង់ ដល់ថ្នាក់ប្រកាសថា ខ្លួនផ្អាកកិច្ចចរចាសន្តិភាពជាមួយ អាមេរិកហើយ ព្រោះតែអ៊ីស្រាអែល មិនព្រមឈប់វាយប្រហារ នៅលីបង់ សោះ។

ក្រោយមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ប្រកាសដែរ​ថា លោកអត់ខ្វល់ទេ ជុំវិញវាសនានៃកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ព្រោះលោកមានអារម្មណ៍ថា ការចរចានេះ ចាប់ផ្តើមទៅជាគួរឲ្យធុញទ្រាន់ និងស៊ីពេលវែងឆ្ងាយហួសហេតុពេក ដោយសារតែភាគីអ៊ីរ៉ង់ ហាក់មានចេតនាអូសពន្យារពេល។

យ៉ាងណា មុននេះប្រមុខសេតវិមាន បានបញ្ជាក់ថា គ្មានការលើកលែងឡើយ កិច្ចព្រមព្រៀងណាមួយ ត្រូវតែច្បាស់ថា ទីក្រុងតេហេរ៉ង់ នឹងគ្មានថ្ងៃមានអាវុធនុយក្លេអ៊ែរ ដាច់ខាត។

រឿងនុយក្លេអ៊ែរ និងសារធាតុអ៊ុយរ៉ាញ៉ូម គឺជាឧបសគ្គធំ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម ទៅឲ្យអាមេរិក ដាច់ខាត៕

ព័ត៌មានទាក់ទង
×
Popup Banner