រដ្ឋបាលក្រុងកំពង់សោម ប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams ក្នុងផ្ទះវីឡាមួយកន្លែងឃាត់ខ្លួនជនបរទេស២៦នាក់
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ឃាត់ខ្លួនជនបរទេសប្រុសស្រីចំនួន ២៦នាក់ ជាជនជាតិចិន និងវៀតណាម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅចំណុចផ្ទះវីឡាជួលមួយកន្លែង ម្តុំស្ពានត្រជាក់ចិត្ត ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញជនបរទេសសរុប ២៦នាក់ ស្រី ៣នាក់ រួមមានជនជាតិចិន ៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន។ ក្រោយការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិចបានរកឃើញថា មានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

ក្នុងប្រតិបត្តិការដដែល កម្លាំងជំនាញបានដកហូតវត្ថុតាង កុំព្យូទ័រយួរដៃ ១១គ្រឿង, ទូរស័ព្ទ ២០គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង។ ជនបរទេសទាំង ២៦នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកទីតាំងខាងលើ ដោយមានតំណាងម្ចាស់ទីតាំងឈ្មោះ ឌឹម គាំ ភេទស្រី ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ត្រូវបានបិទសៀលជាបណ្តោះអាសន្ន៕







