កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចវីឡាជួល នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ៩នាក់
(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ ស្គេមនៅទូទាំងខេត្តស្វាយរៀង។
កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះវីឡាជួលរបស់លោក ប៉ុក ស៊ីនៅស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៩នាក់ (ស្រី៣នាក់) (ជនជាតិវៀតណាម ៨នាក់ (ស្រី៣នាក់) និងជនជាតិចិនម្នាក់។
នគរបាល បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសៀលជាបណ្ដោះអាសន្ន៕



