Detail Top Banner – Conway

អនុក្រឹត្យថ្មីកំណត់ច្បាស់ពី «សេវាអត្តសញ្ញាណកម្ម» មិនត្រូវបង់ប្រាក់ និងសេវាដែលត្រូវបង់ប្រាក់

ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្តីពី «សេវាអត្តសញ្ញាណកម្ម ដែលមិនត្រូវឱ្យបង់កម្រៃ សេវា និងកម្រិតឱ្យបង់កម្រៃសេវារាជរដ្ឋាភិបាល»។អនុក្រឹត្យថ្មីនេះត្រូវបានពន្យល់ថា ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ​ភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រាលបន្ទុកចំណាយផ្សេងៗ ។

អនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនានេះ បានកំណត់យ៉ាងច្បាស់លាស់នូវ​ប្រភេទសេវា​អត្តសញ្ញាណកម្មជាពីរផ្នែកធំៗ គឺសេវាដែលត្រូវបាន «លើកលែងកម្រៃ» និងសេវាដែល «តម្រូវឱ្យបង់កម្រៃ»។

តាមអនុក្រឹត្យថ្មីសេវាអត្តសញ្ញាណកម្មមួយចំនួន ដែលប្រជាពលរដ្ឋធ្វើដោយមិនចាំបាច់បង់ប្រាក់ឡើយ រួមមាន៖ សេវា​អត្រានុកូលដ្ឋានដូចជា ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍លើកដំបូង, ការកែ​តម្រូវទិន្នន័យអត្រានុកូលដ្ឋានដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជីនិងការចុះបញ្ជីតាមសេចក្តីសម្រេចរបស់តុលាការ។

ចំពោះសេវាស្ថិតិប្រជាពលរដ្ឋ និងការគ្រប់គ្រងការស្នាក់នៅ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារលើកដំបូង, ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ/គ្រួសារ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី និងការបន្ថែម ឬបន្ថយសមាជិក​ក្នុងសៀវភៅទាំងពីរនេះ ក៏មិនត្រូវបានបង់កម្រៃសេវាផងដែរ។

ដោយឡែកសេវាដែលមិនត្រូវបង់កម្រៃដទៃទៀត មានដូចជា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង, និងការកែតម្រូវ​ទិន្នន័យអត្តសញ្ញាណបណ្ណដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។ ការផ្តល់ និងបញ្ជាក់ទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងវិស័យយុត្តិធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលស្នើសុំដោយអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ។

ចំពោះសម្រាប់សេវាមួយចំនួន ដែលប្រជាពលរដ្ឋត្រូវបំពេញកាតព្វកិច្ចបង់កម្រៃសេវា ស្របតាមតម្លៃដែលកំណត់​ដោយប្រកាស​អន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖សេវាអត្រានុកូលដ្ឋាន (ទុតិយតា) ដូចជាការផ្តល់​សំបុត្រកំណើត មរណភាព ឬអាពាហ៍ពិពាហ៍ ក្នុងករណីចម្លងឡើងវិញ (បាត់ ឬខូច), ការផ្តល់បណ្ណប្រកាសអាពាហ៍ពិពាហ៍, ការកែតម្រូវទិន្នន័យតាមសេចក្តីសម្រេចរបស់តុលាការ និងការផ្តល់សេចក្តីចម្លងសំបុត្រផ្សេងៗសម្រាប់បុគ្គលដែលបានទទួល​ព្រះរាជក្រឹត្យ​ផ្តល់សញ្ជាតិខ្មែរ ជាដើម។

លើសពីនេះសេវាដែលត្រូវបង់កម្រៃសេវាជូនរដ្ឋមានដូចជា ៖ការផ្តល់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារឡើងវិញ (ករណីបាត់ ឬខូច), ការកែតម្រូវទិន្នន័យក្នុងសៀវភៅ (ករណីមានឯកសារត្រឹមត្រូវ), ការផ្តល់លិខិតបញ្ជាក់ទីលំនៅសម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស, និងការស្នើសុំផ្លាស់ប្តូរទីលំនៅ។ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (ករណីអស់សុពលភាព, បាត់ ឬខូច), ការកែតម្រូវទិន្នន័យ (ករណីមានឯកសារ​គ្រប់គ្រាន់), និងការប្តូររូបថត ឬប្តូរអាសយដ្ឋានលើអត្តសញ្ញាណបណ្ណ។

ការផ្តល់លិខិតឆ្លងដែន, លិខិតឆ្លងដែនបណ្តោះអាសន្ន, លិខិតធ្វើដំណើរសម្រាប់ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស, និងការផ្តល់លេខពិសេសលើលិខិតឆ្លងដែន។ ការរៀបចំបែបបទស្នើសុំចូលសញ្ជាតិខ្មែរ, សុំលះបង់សញ្ជាតិខ្មែរ, សុំទាមទារ​សញ្ជាតិខ្មែរឡើងវិញតាមអាពាហ៍ពិពាហ៍ និងការងារផ្សេងៗបន្ទាប់ពីទទួលបានព្រះរាជក្រឹត្យ។ការផ្ទៀងផ្ទាត់ និងផ្តល់លិខិត​បញ្ជាក់​ទិន្នន័យអត្តសញ្ញាណបុគ្គល, សេវាភ្ជាប់ប្រព័ន្ធផ្ទៀងផ្ទាត់ប្រចាំឆ្នាំ, សេវាប្រើប្រាស់ និងថែទាំគណនីលើកម្មវិធី «អត្តសញ្ញាណកម្មខ្មែរឌីជីថល និងសេវាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ។

យោងតាមមានត្រា៣ នៃអនុក្រឹត្យនេះ ទិន្នន័យអត្តសញ្ញាណកម្មបុគ្គល ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ គឺជាទិន្នន័យ និងប្រភពទិន្នន័យផ្លូវការតែមួយគត់ ដែលអាចប្រើប្រាស់បានសម្រាប់ផ្តល់សេវាសាធារណៈ ស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ព័ត៌មានទាក់ទង
×
Popup Banner