កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅបន្ទប់ជួលយីហោ «ហេង ស៊ុនហេង» នៅក្រុងបាវិត
(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ «ហេង ស៊ុនហេង» ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រតិបត្តិការនេះកម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៧៣នាក់ (ស្រី៣១នាក់) រួមមាន៖ ជនជាតិវៀតណាម ៥៦នាក់ (ស្រី២៣នាក់), ជនជាតិចិន ១៣នាក់ (ស្រី៥នាក់) និងជនជាតិខ្មែរ ៤នាក់ (ស្រី ៣នាក់)។
ជាមួយកម្លាំងនគរបាល បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One, កុំព្យូទ័រយួរដៃ, ម៉ូនីទ័រ, ធុងCPU, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសៀលជាបណ្ដោះអាសន្ន៕



