ជនបរទេសចំនួន ២៨ នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុករតនៈមណ្ឌល ធ្វើការចុះឃាត់ខ្លួនទាំងយប់ ខណៈដែលជនបរទេសទាំងនេះកំពុងប្រមូលផ្ដុំគ្នា នៅលើទំនប់ពហុបំណង សេកសក ។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងដោយ គណៈបញ្ជាការឯកភាពស្រុករតនមណ្ឌល ក្រោយពីទទួលព័ត៌មានថាមានជនបរទេសជាច្រើននាក់កំពុងប្រមូលផ្តុំគ្នា នៅលើទំនប់ពហុបំណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

ក្រោយពីកម្លាំងបានចុះទៅដល់ គឺសង្កេតឃើញថា មានជនបរទេសជាច្រើននាក់ ខ្លះក្រាលកន្ទេលដេក ខ្លះទៀតដេកនៅគូទរថយន្ត ដោយពួកគេបានប្រើប្រាស់រថយន្តចំនួន ២ គ្រឿង ទីមួយគឺម៉ាក Toyota ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-0999 និងមួយគ្រឿងទៀតម៉ាក់ KIA carnival ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា-2456 WX1។


លោក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល
លោក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល បើបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពីមានការសង្ស័យ ដោយសារតែជនបរទេសទាំងនេះ ពុំមានឯកសារថ្នាក់នៅច្បាស់លាស់ លោកបានសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីនាំយកពួកគេទៅគណៈបញ្ជាការឯកភាពស្រុក ក្នុងការសួរនាំ។


លោកអធិការបានបន្តថា ជនបរទេសទាំង ២៨ នាក់នេះ គឺមាន ជនជាតិចិនចំនួន ២៦ នាក់ ក្នុងនោះស្រីពីរនាក់ និងស្ត្រីពីរនាក់ទៀត ជាជនជាតិមីយ៉ាន់ម៉ា ក្រោយពីបានសួរនាំពួកគេខ្លះឆ្លើយថា មកក្នុងដំណើរទេសចរណ៍ ឯងខ្លះទៀតមានបំណងផ្សេងគ្នា ដែលចម្លើយហាក់មិនស៊ីសង្វាក់គ្នាសោះ ទើបសមត្ថកិច្ចសន្និដ្ឋានថា ក្រុមនេះអាចពាក់ព័ន្ធនឹងស្គេមអនឡាញ ដោយរត់គេចពីកន្លែងមួយ ទៅកន្លែងមួយទៀតប៉ុន្តែដោយសារមិនទាន់ដល់គោលដៅ ទៅពួកគេនាំគ្នាចូលទៅសម្រាកនៅលើទំនប់ពហុបំណងសេកសកជាបណ្ដោះអាសន្ន។



ការសាកសួរជនបរទេសទាំង ២៨ នាក់ បានអូសបន្លាយពេលដល់ល្ងាចថ្ងៃទី ៥ ខែមិថុនា ទើបបញ្ចប់ហើយក៏ត្រូវបញ្ជូនខ្លួនជនទាំងអស់នេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕


