Detail Top Banner – Conway

កម្ពុជា ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ។

សេចក្តីប្រកាសព៌ត័មាននេះត្រូវបានរៀបចំរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិ រួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាព សាធារណៈនៅឆ្នាំ២០៣០។

ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ នេះជារយៈពេល ៣ទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍។

គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត។

គួរបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧តែប៉ុណ្ណោះ នៅទូទាំងពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ឆ្នាំ។

លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និង អាស៊ីកណ្តាល បានមានប្រសាសន៍ថា៖ «សមិទ្ធផលនេះបង្ហាញថា អ្វីៗក៏អាចកើតមានឡើងបានដែរ នៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល»។ «ជោគជ័យរបស់ប្រទេសកម្ពុជា កើតឡើង ដោយសារការប្តេជ្ញាចិត្តនយោបាយដ៏មុតមាំ ភាពជាអ្នកដឹកនាំរបស់ជាតិ ភាពជាដៃគូរយៈពេលវែង និងទំនុកចិត្តគ្នាដែលបានកសាងឡើងតាមរយៈការកិច្ចសហការជាមួយសហគមន៍ និងប្រព័ន្ធអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំ»។

ការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេសកម្ពុជា ដែលមានលក្ខណៈពហុវិស័យ និងតាមរយៈប្រព័ន្ធសុខាភិបាល ផ្តោតលើសេវាប្រកបដោយនវានុវត្តន៍អាចអនុវត្តបានយ៉ាងជាក់ស្តែងមានទំនុកចិត្ត និងអាចប្រើប្រាស់បានសម្រាប់អ្នកដែលត្រូវការ និងទទួលបាននៅពេលដែលពួកគេត្រូវការ។ ទាំងនេះ រួមមានការពង្រីកការទទួលបានសេវាធ្វើតេស្ត និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ការផ្តល់ឱសថ ប្រឆាំងមេរោគអេដស៍សម្រាប់រយៈពេលច្រើនខែ ការធ្វើសមាហរណកម្មរវាងសេវាមេរោគអេដស៍ និងប្រព័ន្ធសុខាភិបាលទូលំទូលាយ និងការបង្កើនជម្រើសវិធីសាស្ត្របង្ការមេរោគអេដស៍ថ្មីៗ ដូចជា ប្រឺព (PrEP) ដែលអាចបង្ការបានរយៈពេលវែង និងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង។

សេវាដែលដឹកនាំដោយសហគមន៍បានជួយឱ្យអភិក្រមនេះបានទទួលលទ្ធផលជាក់ស្តែង។ ការផ្តល់ប្រឹក្សា ការធ្វើតេស្ត ការគាំទ្រការព្យាបាល និងសេវាបង្ការមេរោគអេដស៍ តាមបែបក្រុមមិត្តជួយមិត្ត បានទៅដល់ប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមទាំងក្រុមប្រជាជនប្រឈមមុខខ្ពស់ និងបានជួយពង្រឹងទំនុកចិត្តលើសេវាអេដស៍ទាំងនេះ។ កម្ពុជាក៏បានផ្តល់ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនប្រឈមមុខខ្ពស់នូវអត្ថប្រយោជន៍នៃកម្មវិធីគាំពារសង្គមព្រមទាំងការផ្តល់សេវាសុខាភិបាលដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។

កម្ពុជាកំពុងរៀបចំផែនការនិរន្តភាព ក្នុងពេលមូលនិធិពីខាងក្រៅត្រូវបានកាត់បន្ថយ និងកសាងការឆ្លើយតបមេរោគអេដស៍ដោយប្រព័ន្ធជាតិមួយដែលមានចីរភាព តាមរយៈការពង្រឹងការផ្តល់ហិរញ្ញវត្ថុ ក្នុងស្រុកការឈានឆ្ពោះទៅការធ្វើសមាហរណកម្មពេញលេញទៅក្នុងសេវាថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកល សេវាដែលយកប្រជាជនជាស្នូល និងការចូលរួមរបស់សហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនប្រឈមមុខខ្ពស់ ក្នុងការធ្វើសេចក្តីសម្រេច និងការផ្តល់សេវា។

សមិទ្ធផលរបស់កម្ពុជានាពេលនេះ កើតឡើងក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ការឆ្លើយតប មេរោគអេដស៍ជាសកល ខណៈដែលប្រទេសនានាកំពុងត្រៀមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីមេរោគអេដស៍ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ អ្វីដែលកើតឡើងនៅកម្ពុជាបញ្ជាក់ថាការរីកចម្រើនអាចកើតមានឡើង នៅពេលដែលមានការជួបគ្នារវាងការប្តេជ្ញាចិត្តផ្នែកនយោបាយ ហិរញ្ញប្បទានដ៏មានទំនុកចិត្ត ភាពច្នៃប្រឌិត សេវាមានប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំរបស់សហគមន៍។

ទោះបីកម្ពុជាកំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះ ទៅរកការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ក៏ដោយការឆ្លើយតបនឹងមេរោគអេដស៍មិនទាន់បញ្ចប់នៅឡើយទេ ហើយការឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានបន្ត។ តាមការប៉ាន់ប្រមាណមានករណីឆ្លងថ្មីចំនួន៩៥៨ នៅឆ្នាំ២០២៥ ក្នុងនោះ ៨៤% ស្ថិតនៅក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរបស់ពួកគេ។ ការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី ដោយកម្រិតគោលដៅតិចជាង ២៥០ករណី ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ គឺជាគោលដៅជាតិចម្បង ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅនេះទាមទារឱ្យមានការខិតខំប្រកបដោយយុទ្ធសាស្ត្រ និងមានចីរភាព។

ការមាក់ងាយ ការរើសអើង និងឧបសគ្គផ្សេងៗនៅតែជារបាំងរារាំងមនុស្សមួយចំនួនពីការប្រើប្រាស់សេវាដែលពួកគេត្រូវការ។ ការយល់ដឹងទាបអំពីមេរោគអេដស៍ និងវិធីបង្ការការឆ្លងមេរោគអេដស៍ បង្កើនភាពងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ ជាពិសេសក្នុងចំណោមយុវវ័យ។ ការវិនិយោគបន្តលើការឆ្លើយតបមេរោគអេដស៍ រួមទាំងលើសេវាដឹកនាំដោយសហគមន៍ មានសារៈសំខាន់ដើម្បីការពារសមិទ្ធផលដែលយើងបានទទួល និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ កម្ពុជាកំពុងផ្លាស់ប្តូរពីគម្រោងបណ្តោះអាសន្តគាំទ្រដោយម្ចាស់ជំនួយ ទៅរកប្រព័ន្ធមួយប្រកបដោយចីរភាពដែលដឹកនាំ និងគ្រប់គ្រងដោយ រាជរដ្ឋាភិបាលកម្ពុជា។

ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា៖ «សមិទ្ធផលនេះ គឺជាមោទនភាពជាតិ ប៉ុន្តែក៏នាំមកជាមួយនូវការទទួលខុសត្រូវផងដែរ»។ «ភារកិច្ចរបស់យើងឥឡូវនេះ គឺធានាថាការរីកចម្រើនត្រូវបានការពារ និងមានចីរភាព ដោយបង្កើនភាពជា ម្ចាស់របស់ជាតិ តាមរយៈការវិនិយោគធនធានក្នុងស្រុកកាន់តែច្រើនសម្រាប់ការឆ្លើយតបជាតិចំពោះមេរោគអេដស៍»។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមអបអរសាទរ និងសំដែងនូវការកោតសរសើរថា៖ «សមិទ្ធផលដ៏ប្រពៃនេះ ជាប្រវត្តិសាស្ត្រនៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា»។ ទោះជាយ៉ាងណាក៏ដោយបេសកកម្មរបស់យើងនៅតែបន្ត ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ និងរក្សាសមិទ្ធផលដែលទទួលបាននេះជារៀងរហូត។

«យើងទាំងអស់គ្នា ត្រូវពង្រឹង និងពង្រីកសេវាមេរោគអេដស៍ប្រកបដោយនវានុវត្តន៍ និងឆ្លើយតបតាមតម្រូវការរបស់សហគមន៍ ដើម្បីធានាថាសេវានៅតែអាចទៅដល់ហើយមនុស្សគ្រប់រូបអាចស្វែងរកសេវាបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគ្មានការរើសអើង ព្រមទាំងធ្វើសមាហរណកម្មសេវាទាំងនេះទៅក្នុងប្រព័ន្ធសុខាភិបាលដែលមានភាពធន់»។ នេះជាការលើកឡើងបន្ថែមរបស់លោកសាស្ត្រចារ្យ ឈាង រ៉ា៕

ព័ត៌មានទាក់ទង
×
Popup Banner