ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គភាពចំណុះក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធប្រមាណ ២៥០នាក់។
ប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកជំរុញការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការប្រើប្រាស់ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមបរិបទសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ជាពិសេស គោលការណ៍ណែនាំបច្ចេកទេសនេះបានចូលរួមគាំទ្រដល់ការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើការងារអាទិភាព៣ គឺ៖ ១. ភាពស្អាត, ២. ភាពបៃតង និង៣. ចីរភាព ដើម្បីធានាបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងរួមចំណែកឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របបៃតងច្រើននៅឆ្នាំ២០៥០។
គោលការណ៍ណែនាំបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍តំបន់ការពារធម្មជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ បន្ទាប់ពីការពិនិត្យបច្ចេកទេស និងកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ប្រកាសនេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការដោយក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ប្រកាសនេះបានកំណត់នីតិវិធីសំខាន់ៗ រួមមាន៖ ការស្នើសុំគម្រោង ការអនុម័តគម្រោង ការរៀបចំផែនការមេ និងផែនការអាជីវកម្ម ការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសង្គម ការសហការជាមួយដៃគូអនុវត្ត ការចែករំលែកផលប្រយោជន៍ និងការតាមដានវាយតម្លៃការអនុវត្តគម្រោង។
ជាលទ្ធផល ពិធីផ្សព្វផ្សាយប្រកាសនេះទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិប្រកបដោយចីរភាពនៅក្នុងតំបន់ការពារធម្មជាតិ។
បើតាមលោកស្រី ម៉ុម ថានី បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដើម្បីធានានូវឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។ ខ្ញុំសូមបញ្ជាក់ផងដែរថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រីបានបន្តថា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលកំណត់បានជាផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានសរសរស្តម្ភចំនួន៣ គឺទី(១). ការពង្រឹងគោលនយោបាយ ទី(២). ការកសាងរដ្ឋបាលឌីជីថល ទី(៣). ការពង្រីកការផ្សព្វផ្សាយ ដែលយុទ្ធសាស្រ្តស្នូលទាំងបីនេះជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចំនួនបីផ្សេងទៀតឱ្យដំណើរដោយភាពរលូន និងមានប្រសិទ្ធភាព គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ជាមូលដ្ឋានគ្រឹះ សម្រាប់តម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕



