សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន បានចុះបង្ក្រាប និងបិទរោងចក្រផលិតបារីអេឡិចត្រូនិកចំនួន ២ទីតាំង ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោយរកឃើញថា បានផលិតបារីអេឡិចត្រូនិកខុសច្បាប់ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់។

នេះជាការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសទទួលគណៈប្រតិភូគណៈកម្មាធិការទី៣ នៃរដ្ឋសភា ដែលបានចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវរួមគ្នារវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចចិន ដោយបានរកឃើញថា រោងចក្រទាំងពីរនេះបានផលិតបារីអេឡិចត្រូនិកដោយខុសច្បាប់ និងផ្ទុយនឹងបទប្បញ្ញត្តិដែលកម្ពុជាកំពុងអនុវត្តយ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល បានអំពាវនាវជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវវ័យ ជៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក ដោយសារអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាចនាំឱ្យកើតជំងឺគ្រោះថ្នាក់ផ្សេងៗ រហូតដល់បាត់បង់ជីវិតក្នុងករណីប្រើប្រាស់រយៈពេលវែង។

ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធក៏បានបញ្ជាក់ថា បារីអេឡិចត្រូនិកមានផ្ទុកសារធាតុញៀន និងសារធាតុគីមីគ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ សណ្តាប់ធ្នាប់សង្គម និងអនាគតរបស់យុវជន ទើបត្រូវបានហាមឃាត់ការនាំចូល ផលិតចែកចាយ និងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា៕




