សមាជិកនាវិកបរទេស ៣នាក់ បានបាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហាររបស់រុស្ស៊ីលើនាវាពាណិជ្ជកម្មស៊ីវិលមួយគ្រឿង ដែលមានផ្ទុកជីរ៉ែនៅកំពង់ផែអ៊ុយក្រែនក្នុងតំបន់ Odesa កាលពីថ្ងៃទី១៣ ខែកក្កដា ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍សហគមន៍ និងដែនដីរបស់អ៊ុយក្រែន និងចុះផ្សាយដោយសារព័ត៌មាន United 24 Media នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

នាវាបើកបរជាមួយទង់ជាតិ Togo ត្រូវបានវាយប្រហារ ខណៈកំពុងចតនៅកំពង់ផែ។ មន្ត្រីអ៊ុយក្រែននិយាយថា ការវាយប្រហារនេះបានវាយប្រហារទៅលើរចនាសម្ព័ន្ធខាងលើនៃនាវា បង្កឱ្យមានអគ្គិភ័យ។
យោងតាម លោក Oleksii Kuleba រដ្ឋមន្ត្រីអភិវឌ្ឍន៍សហគមន៍ និងដែនដីរបស់អ៊ុយក្រែន ឱ្យដឹងថា នាវានេះកំពុងផ្ទុកជីរ៉ែ នៅពេលរងការវាយប្រហារពីរុស្ស៊ី។
លោក Kuleba លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ថា៖ « ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើរចនាសម្ព័ន្ធខាងលើនៃនាវា បណ្តាលឱ្យមានអគ្គិភ័យ»។
ក្រសួងបានបញ្ជាក់ថា សមាជិកនាវិក ៣នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួស។
យោងតាមអាជ្ញាធរកំពង់ផែសមុទ្រអ៊ុយក្រែន(USPA) ការវាយប្រហារនេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងកន្លែងស្នាក់នៅស៊ីវិលនៅក្បែរនោះផងដែរ។
លោក Kuleba និយាយថា៖ « នេះជាការវាយប្រហារមួយផ្សេងទៀតរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស៊ីវិល និងកំពង់ផែរបស់អ៊ុយក្រែន។ ការវាយប្រហារបែបនេះគំរាមកំហែងដល់សុវត្ថិភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ ស្ថិរភាពនៃពាណិជ្ជកម្មសកល និងសន្តិសុខស្បៀងអាហាររបស់ពិភពលោក»។
យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន UNIAN ឱ្យដឹងថា សមាជិកនាវិកដែលស្លាប់ និងរងរបួសគឺជាពលរដ្ឋនៃប្រទេសអេហ្ស៊ីប និងស៊ីរី៕


