Detail Top Banner – Conway

ពលរដ្ឋ​ជាង ៣០ម៉ឺននាក់ ភៀសខ្លួនជាបន្ទាន់ ក្រោយ​ភ្លើងឆេះព្រៃដ៏សាហាវនៅបារាំង និងអេស្ប៉ាញ

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ បាននិងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសបារាំង និងអេស្ប៉ាញ ដោយបង្ខំឱ្យប្រជាពលរដ្ឋជាង ៣០០ ០០០នាក់ ត្រូវចាកចេញពីផ្ទះសម្បែងជាបន្ទាន់ ខណៈដែលកម្លាំងសង្គ្រោះបន្ទាន់ កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងស្ថានការណ៍។ នេះ​បើយោងតាម​សារ​ព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៦។

នៅភាគនិរតីនៃប្រទេសបារាំង ជាពិសេសនៅក្នុងតំបន់ Gironde និងជុំវិញទីក្រុង Bordeaux អាជ្ញាធរ បានពង្រីកតំបន់ជម្លៀសប្រជាជនជាបន្តបន្ទាប់ បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះកាន់តែ​សាហាវ ដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំង។ មនុស្សជាង ២០០ ០០០នាក់ ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈដែលផ្ទៃដីព្រៃឈើជិត ៩៨ ០០០ហិចតាទូទាំងប្រទេស ត្រូវបានផ្លោះបំផ្លាញ ហើយអាគារយ៉ាងហោចណាស់ ១០០ខ្នង ត្រូវបានភ្លើងឆេះខ្ទេចខ្ទី។ ស្ថានការណ៍កាន់តែសោកសៅ បន្ទាប់ពីអ្នកពន្លត់អគ្គិភ័យបារាំង ២រូបបានពលីជីវិតក្នុងបេសកកម្មនេះ។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ បារាំងបានចល័តកងទ័ព ១ ៥០០នាក់ និងកម្លាំងសន្តិសុខជាង ១ ៧០០នាក់បន្ថែមទៀត ចុះអន្តរាគមន៍។

ចំណែកឯនៅប្រទេសអេស្ប៉ាញវិញ អគ្គិភ័យធំៗចំនួនពីរ បានរាលដាលចូលគ្នា និងកំពុងគំរាមកំហែងដល់តំបន់ក្បែរទីក្រុងម៉ាឌ្រីដ និងក្រុង Toledo។ មនុស្សប្រមាណ ៦០ ០០០នាក់ត្រូវជម្លៀសចេញពីភូមិឋាន ខណៈដែលផ្ទៃដីព្រៃឈើប្រមាណ ២៥ ០០០ហិចតាត្រូវអណ្តាតភ្លើងលេបត្របាក់ ហើយមនុស្សម្នាក់បានបាត់បង់ជីវិតនៅក្បែរក្រុង Valencia។

យ៉ាងណាមិញ នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ អាជ្ញាធរនៃប្រទេសទាំងពីរ ក៏ទទួលបានការជួយជ្រោមជ្រែងពីសហភាពអឺរ៉ុប តាមរយៈការផ្តល់យន្តហោះពន្លត់អគ្គិភ័យពីបណ្តាប្រទេសសមាជិកផ្សេងៗទៀត ដើម្បីរួមដៃគ្នាទប់ស្កាត់ការឆាបឆេះ និងសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់៕

ព័ត៌មានទាក់ទង
×
Popup Banner