Detail Top Banner – Conway

មន្ទីរប្រឆាំងគ្រឿងញៀន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីចាប់ខ្លួនជនសង្ស័យគ្រឿងញៀន នៅខណ្ឌ៧មករា, ជនសង្ស័យត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ

(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានជាសាធារណៈ ជុំវិញករណីផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុកឈ្មោះ Meas Shitha ដែលបានចោទប្រកាន់ថា កម្លាំងនគរបាលបានប្រើប្រាស់អំពើហិង្សាលើកូនប្រុសរបស់ខ្លួន ឈ្មោះ អេង បូរ៉ា ក្នុងពេលឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញក្រោមការសម្របសម្រួលដោយលោក សេង ម៉េងស៊្រុន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំក្រោយផ្សារប៊ីអេស(ចាស់) សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ ជនសង្ស័យម្នាក់ឈ្មោះ អេង បូរ៉ា ភេទប្រុស ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ ទម្ងន់ ៦.៩៩ក្រាម។ ឈ្មោះ អេង បូរ៉ា បានសារភាពថា រូបគេបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាង ១ ឆ្នាំមកហើយ។

យោងតាមសេចក្តីបំភ្លឺ មុនពេលចាប់ខ្លួន ជនសង្ស័យ អេង បូរ៉ា និងមិត្តភក្តិឈ្មោះ ឆាត (បានរត់គេចខ្លួន) បានជិះម៉ូតូរត់គេចពីសមត្ថកិច្ច បន្ទាប់ពីទិញគ្រឿងញៀន។ ក្នុងពេលដេញតាម ឈ្មោះ ឆាត បានធាក់ដៃចង្កូតម៉ូតូរបស់សមត្ថកិច្ចបណ្តាលឱ្យដួល និងរងរបួសធ្ងន់។

ក្រោយមក ឈ្មោះ អេង បូរ៉ា បានរត់ចូលផ្លូវលំ ហើយមានប្រជាពលរដ្ឋមួយចំនួនបានចេញមកជួយអន្តរាគមន៍ ដោយស្មានថាជាករណីក្មេងស្ទាវដេញវាយគ្នា និងបានវាយមកលើសមត្ថកិច្ចថែមទៀត ទោះបីជាសមត្ថកិច្ចបានស្រែកបញ្ជាក់ថា ជាកម្លាំងប្រឆាំងគ្រឿងញៀនក៏ដោយ។

ដើម្បីការពារសុវត្ថិភាព និងអនុវត្តសិទ្ធិការពារខ្លួន សមត្ថកិច្ចបានបង្ខំចិត្តប្រើកម្លាំងដើម្បីចាប់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធមួយចំនួន។ ជនសង្ស័យ អេង បូរ៉ា បានសារភាពថា រូបគេបានចូលលុយជាមួយឈ្មោះ ឆាត ម្នាក់ ១៥០ ដុល្លារ ដើម្បីទិញគ្រឿងញៀនសរុប ៣០០ ដុល្លារ៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖

ព័ត៌មានទាក់ទង
×
Popup Banner